លោក ពូទីន ថានឹងមានសន្តិភាព ក្រោយជួប លោក ត្រាំ
អាឡាស្កា ៖ លោក ពូទីន សង្ឃឹមជឿជាក់ ថា នឹងឈានដល់សន្តិភាព នៅ អ៊ុយក្រែន បន្ទាប់ពី លោកបានជួបផ្ទាល់ ជាមួយលោក ត្រាំ មេដឹកនាំអាមេរិក កាលពីថ្ងៃទី១៥ ខែសីហា។
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា «ការយល់ដឹងច្បាស់» ដែលប្រាប់ដល់ សមភាគីអាមេរិក លោក ដូណាល់ ត្រាំ អាចនាំមកនូវសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយ អំពាវនាវឱ្យអ៊ុយក្រែន និង សម្ព័ន្ធមិត្តអឺរ៉ុប កុំបង្កើត «ឧបសគ្គ» រាំងស្ទះ ដល់ដំណើរ សន្តិភាពនេះ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ត្រាំ បន្ទាប់ពីកិច្ចប្រជុំកំពូល ប្រមាណ៣ម៉ោង លោក ពូទីន បានបញ្ជាក់ថា ទីក្រុងម៉ូស្គូ រំពឹងថា ទីក្រុង កៀវ ព្រមទាំង អឺរ៉ុប នឹងយល់ឃើញពីភាពវិវឌ្ឍ ទាំងអស់នេះ ក្នុងលក្ខណៈស្ថាបនា ហើយ នឹងមិនបង្កើតឧបសគ្គ ណាមួយឡើយ»។ ប៉ុន្តែ លោក ពូទីន ក៏បានព្រមាន ទុកជាមុន ក្នុងការប្រឆាំងនឹង ការប៉ុនប៉ង ណាមួយ ដែលចង់បង្អាក់ដំណើរការ ដែលកំពុងកើតឡើង តាមរយៈការបង្កហេតុ ឬ ធ្វើអ្វីមួយ នៅពីក្រោយឆាក។
គួរបញ្ជាក់ថា មេដឹកនាំអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នា នៅក្នុងរដ្ឋ អាឡាស្កា ជាទឹកដីអាមេរិក តាមការគ្រោងទុក កាលពីថ្ងៃទី១៥ ខែសីហា ដើម្បីពិភាក្សាអំពីការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន និងវិធីឆ្ពោះទៅរកសន្តិភាព ប៉ុន្តែ មិនមានកិច្ចព្រមព្រៀងទម្លាយ ឲ្យឃើញជាក់ស្តែង នោះ ទេ។
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលភ្លាម លោក ពូទីន បានចាកពីអាឡាស្កា ភ្លាមៗ ប៉ុន្តែ លោក ពូទីន ប្រាប់លោកត្រាំថា ចង់ធ្វើជាម្ចាស់ផ្ទះ ជួបលោក ត្រាំ ម្តងទៀត នៅទីក្រុងមូស្គូ ជាអ្វីដែល លោកត្រាំ បានស្វាគមន៍ ហើយសង្ឃឹមថា នឹងមានជំនួប ជាថ្មី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត