សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ

(ភ្នំពេញ)៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ និងភាគីថៃធ្វើជាម្ចាស់ផ្ទះ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC)។

ភាគីទាំងពីរ បានប្តេជ្ញាចិត្តក្នុងការអនុវត្តទៅតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា។

ភាគីទាំងពីរ បានគូសបញ្ជាក់ពីការតាំងចិត្តវិជ្ជមាន និងស្មារតីឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ។ ភាគីទាំងពីរ ក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងទំនុក ចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។

ភាគីទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោល បំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅ ពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

នៅក្នុងកិច្ចប្រជុំ កម្ពុជា បានបញ្ជាក់ឡើងវិញ នូវសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីនមនុស្សធម៌ ដោយលើកឡើងថា កិច្ចការនេះ អាចវិវត្តទៅមុខបាន គឺអាស្រ័យទៅលើការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ និងការវិលត្រលប់មករកប្រក្រតីភាពឡើងវិញតាមបណ្តោយព្រំដែន។

ដោយសារការកំណត់ខណ្ឌសីមាព្រំដែនកំពុងដំណើរការ ដូចនេះ ការដោះមីននេះ អាចចាប់ផ្តើមពិចារណាអនុវត្តបាននៅក្នុងតំបន់ដែលមានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន ដែលមានការឯកភាពគ្នាដោយគណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរ (JBC)។ ដោយសារគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) មិនមានអាណត្តិក្នុងការធ្វើការសម្រេចចិត្តលើកិច្ចការងារដោះមីន ដូច្នេះបញ្ហានេះ គួរតែត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។

ពាក់ព័ន្ធនឹងបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កម្ពុជា បញ្ជាក់ជំហរក្នុងការយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ក៏ដូចជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត។ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងដៃគូអន្តរជាតិដទៃទៀត ហើយសម្រេចបានលទ្ធផលជាក់ស្តែងផងដែរ។ កន្លងមក កម្ពុជា បានសហការជាមួយថៃ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបញ្ហានេះ អាចនឹងត្រូវយកទៅពិភាក្សាបន្ថែមនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ ដោយសារប្រទេសទាំងពីរទទួលរងផលប៉ះពាល់ដូចគ្នា។

កម្ពុជា ក៏បានគូសបញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណា ដែលអាចបង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេស លំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដោយហេតុថា សកម្មភាពទាំងនេះ អាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាព និងសន្តិភាព។

ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារប្រក្រតីភាពឡើងវិញតាមបណ្តោយព្រំដែន កម្ពុជា បានជំរុញឱ្យភាគីទាំងពីរស្វែងរកវិធានការសំខាន់ៗ និងជាក់ស្តែងដែលអាចអនុវត្តបាន ដើម្បីឱ្យទំនាក់ទំនងលើគ្រប់វិស័យវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញឱ្យបានឆាប់រហ័ស។ សកម្មភាពទាំងនេះ នឹងជួយលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក ហើយក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

កិច្ចប្រជុំវិសាមញ្ញនេះ បានបញ្ចប់ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការកសាងលើការវិវត្តជាវិជ្ជមាន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈ កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេល មួយខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner