ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម ខេត្តសៀមរាប រួមគ្នាវេចនំអន្សមទៅផ្ដល់ជូនដល់វីរកងទ័ពជួរមុខ
សៀមរាប៖ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ព្រះគ្រូចៅអធិការវត្តមុនធ្យាន នៅភូមិគោកប្ញស្សីខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥បានប្រមែប្រមូលញាតិញោមមកវេចនំអន្សម កន្តំ អន្សមក្បុង បាយក្រៀមបំពង ចំនួន ៥ ០០០នំ និងអំបុកឆាចំនួន៥០០គីឡូក្រាម ។នំទាំងនេះក៏បានដឹកនាំយកទៅផ្តល់ជូនវីរកងទ័ពដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា នេះផងដែរ។

អាន៖ព្រះតេជគុណ លន់ សំប៊ី ព្រះចៅអធិការវត្តមុនធ្យាន បានមានសង្ឃដីកាថា ការរៀបចំការវេចនំអន្សមនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ទាហានថៃ។
ព្រះតេជគុណបន្តថា ក្រៅពីនំអន្សមចំនួនប្រមាណ៥ ០០០នំនិងអំបុកឆាក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដូច បាយសាច់ផាត់ ទឹកបរិសុទ្ធចំនួន១ ០០០យួរ រួមជាមួយសម្ភារៈផ្សេងៗទៀតមួយចំនួនធំ៕
ដោយ៖ ប៊ុនរដ្ឋា




