សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនក្រុមគ្រួសារ វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានទ័ពថៃ ចាប់ខ្លួន

(សៀមរាប)៖ ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនដោយ ទ័ពថៃ ក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។

ឯកឧត្តមអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនរួមមាន ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner