ប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តបាត់ដំបងមានបេក្ខជនប្រឡងជិតមួយម៉ឺននាក់និងបន្ទប់ប្រឡងជិត៤០០បន្ទប់
បាត់ដំបង៖ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២៥នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហាខាងមុខ។ ខណៈឆ្នាំនេះខេត្តបាត់ដំបង មានមណ្ឌលប្រឡងចំនួន១៤មណ្ឌល ,បន្ទប់ប្រឡងចំនួន ៣៩១បន្ទប់ និងបេក្ខជនប្រឡងចំនួន៩ ៦៩៧នាក់ ។

មុនសម័យប្រឡងមកដល់ កាលពីថ្ងៃទី១៥ ខែសីហា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំក្នុងការពង្រឹងនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីសំដៅធ្វើយ៉ាងណា ឱ្យដំណើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២៥នេះបានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។

បើយោងតាមរបាយការណ៍ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា នៃឆ្នាំសិក្សា២០២៤-២០២៥ នេះក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ
យភូមិក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៨-២៩ ខែសីហា ដោយអនុវត្តន៍គោលការណ៍ទាំង៤នៃការប្រឡង គឺ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ដោយឡែកសម្រាប់ខេត្តបាត់ដំបង លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបងបានឱ្យដឹងថាសម័យប្រឡងបាក់ឌុបឆ្នាំ២០២៥ខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន១៤មណ្ឌល , មានបន្ទប់ប្រឡងចំនួន ៣៩១បន្ទប់, សិស្សដែលត្រូវប្រឡងសរុបចំនួន ៩ ៦៩៧នាក់(ស្រីចំនួន ៥ ៦៤៧នាក់។ក្មុងនោះសិស្សប្រឡងមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន១០មណ្ឌល, មានបន្ទប់ប្រឡងចំនួន ២៧៦បន្ទប់, និងសិស្សប្រឡងចំនួន ៦ ៨៦១នាក់ (ស្រី ៣ ៨៣៦នាក់)។សិស្សដែលត្រូវប្រឡងមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ មានមណ្ឌលប្រឡងចំនួន៤មណ្ឌល,បន្ទប់ប្រឡងចំនួន ១១៥បន្ទប់ និងសិស្សប្រឡងចំនួន ២ ៨៣៦នាក់ (ស្រី ១ ៨១១នាក់)។

ក្នុងកិច្ចប្រជុំឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ និងជួយសម្របសម្រួលដល់បេក្ខជនដែលមកប្រឡងបាក់ឌុប។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានណែនាំផងដែរដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវផ្សព្វផ្សាយនិងជួយសម្របសម្រួលធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួល នៅក្នុងកំលុងពេលប្រឡង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
