គ្រួសារវីរកងទ័ពពីររូបរស់នៅស្រុកឈូក ដែលទាហានថៃចាប់ឃាត់ខ្លួន ត្រូវបានប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្តកំពត អញ្ជើញសាកសួរសុខទុក្ខ
កំពត៖លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតកាលពីថ្ងៃទី១៥ ខែសីហា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ពចំនួន ពីររូបដែលត្រូវបានទាហានថៃចាប់ឃាត់កាលពីពេលកន្លងទៅ។

វីរកងទ័ពដែលត្រូវកងទ័ពថៃចាប់ខ្លួនមានទីលំនៅក្នុងស្រុកឈូក ក្នុងនេះទី១.លោក ប៉ិច សុខា ឈរជើងប្រចាំការនៅតំបន់ជាំតែ ខេត្តព្រះវិហារ។ជាវីរកងទ័ពម្នាក់ក្នុងចំណោម ២០នាក់ដែលទាហានថៃបានឃាត់ខ្លួន ហើយបានរត់រួចក្នុងថ្ងៃចាប់បានដំបូង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ និងទី២.លោក ម៉ឺន ង្វៀន ជាកងទ័ពឈរជើងប្រចាំការនៅតំបន់ជាំតែ ។ជាវីរកងទ័ពម្នាក់ក្នុងចំណោម ១៨នាក់ ត្រូវបានទាហានថៃចាប់ឃាត់ខ្លួន និងមិនទាន់ដោះលែងនៅឡើយ មានប្រពន្ធឈ្មោះ វ៉ែន វណ្ណ រស់នៅជាមួយម្តាយក្មេក មានទីលំនៅក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ។

នាឱកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះគ្រួសារវីរកងទ័ពទាំងពីរគ្រួសារ។ លោកជំទាវបានបញ្ជាក់ថា ក្រោយពីទទួលបាននូវដំណឹងពីការស្នាក់នៅរបស់គ្រួសារវីរកងទ័ពមានទីលំនៅក្នុងទឹកដីស្រុកឈូក ឯកឧត្តមអភិបាលខេត្តកំពត បានចាត់ចែងឱ្យអាជ្ញាធរស្រុកចុះស្វែងរកជាបន្ទាន់ ហើយរៀបចំការផ្គត់ផ្គង់ចំពោះជីវភាពរស់នៅ និងសុខភាពរបស់ពួកគាត់ភ្លាមៗស្របទៅតាមការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

ក្នុងឱកាសនេះលោកជំទាវបានជូនអំណោយជូនដល់គ្រួសារវីរកងទ័ពទាំងពីររួមមាន៖ គ្រួសារវីរកងទ័ព ប៉ិច សុខា ទទួលបានទូរស័ព្ទដៃមួយគ្រឿង, ផៅវឺប៊ែងមួយ, អង្ករ, កង់មួយគ្រឿង, ភួយ, កន្ទេល, សាប៊ូម្សៅ , មី , ត្រីខ, ទឹកក្រូច , នំប្រអប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកដោះគោ, កាតាបសិស្ស, សៀវភៅសរសេរ ប៊ិច ខ្មៅដៃ , សម្លៀបបំពាក់សិស្ស, អាវកីឡា, ដបទឹកមួយនិងថវិកា៥០ម៉ឺនរៀល។ ចំណែកឯគ្រួសារវីរកងទ័ព ម៉ឺន ង្វៀន ទទួលបាន ទឹកដោះគោឆៅ, សម្លៀកបំពាក់ , កន្ទេល, ភួយ, សាប៊ូម្សៅ, នំប្រអប់, ទឹកក្រូច, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, មី, អង្ករនិងថវិកា ៥០ម៉ឺនរៀល៕
ដោយ៖ សិលា សារិន

