មន្ត្រីជំនាញកំពុងធ្វើការលើផលប៉ះពាល់បរិស្ថានដែលអាចកើតឡើងករណីប្រេងកំពប់ចេញពីទូររថភ្លើង
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រូីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារក្រសួង និងមន្ទីរបរិស្ថានខេត្ត និងពិនិត្យមើលការគ្រប់គ្រងបរិស្ថាន ជុំវិញករណីទូរប្រេងរបស់រថភ្លើងបានជួបឧបទ្ទេវហេតុធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមបញ្ចាក់ថា នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។

ឯកឧត្តម ផន រឹម ឱ្យដឹងដែរថា នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។
យោងតាមអ្នកនាំពាក្យ ការជួសជុលស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ

