អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍នៅជួរមុខនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ និង ខណៈរដ្ឋមន្រ្តីក្រសួងការពារជាតិអបអរលទ្ធផលកិច្ចប្រជុំ RBC
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា សភាពការណ៍ជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា គិតចាប់ពីម៉ោង១២,០០រំលងអាធ្រាត្រថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ៦,០០នាទីព្រឹកនេះនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ។ ចំណែករដ្ឋមន្រ្តីក្រសួងការពារជាតិក៏ បានអបអរសាទរលទ្ធផលកិច្ចប្រជុំវិសាមញ្ញក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២៥នេះក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះដោយបានហៅវាថា គឺជាលទ្ធផលដែលប្រកបដោយវិជ្ជមាន ។
ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិ ក៏បានចាត់ទុកដែរថា ការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)នេះ គឺជាជំហានមួយដ៏មានសារៈសំខាន់បន្ថែមទៀតទៅលើការអនុវត្តនូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រមទាំងបង្កើននូវជំនឿទុកចិត្តគ្នាក្នុងគោលបំណងវិលត្រឡប់មករកប្រក្រតីភាពវិញ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានក្តីសង្ឃឹមថា កិច្ចប្រជុំបន្ទាប់របស់យោធភូមិភាគទី៤ របស់កម្ពុជា ជាមួយយោធភូមិភាគទី២ថៃ និង យោធភូមិភាគទី៥កម្ពុជា ជាមួយយោធភូមិភាគទី១ថៃ នឹងប្រកបទៅដោយជោគជ័យបន្ថែមទៀត ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហ៊ួត
