ដល់មូស្គូភ្លាម! លោក ពូទីន ថា ជជែកជាមួយលោកត្រាំ «យុត្តិធម៌»
មូស្គូ ៖ បន្ទាប់ពីបានត្រលប់ ទៅដល់ទីក្រុងមូស្គូ ភ្លាម មេដឹកនាំរុស្ស៊ី លោក ពូទីន បាននិយាយ កោតសរសើរថា កិច្ចពិភាក្សាស្តីពីសន្តិភាពអ៊ុយក្រែន ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក «ឈរលើមូលដ្ឋានយុត្តិធម៌»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ បាននិយាយថា លោកបានពិភាក្សាអំពីវិធី បញ្ចប់ជម្លោះ «ដោយឈរលើមូលដ្ឋានត្រឹមត្រូវ» នៅក្នុងកិច្ចប្រជុំ របស់លោក ជាមួយប្រធានាធិបតីអាមេរិក Donald Trump។
ថ្លែងទៅកាន់មន្ត្រីកំពូលៗ នៅក្នុងទីក្រុងមូស្គូ មួយថ្ងៃបន្ទាប់ពីកិច្ចចរចា នៅរដ្ឋ អាឡាស្កា លោក ពូទីន ក៏បាននិយាយផងដែរថា ការចរចាគ្នាបានធ្វើឡើង “ទាន់ពេលវេលា” និង “មានប្រយោជន៍ខ្លាំងណាស់”។
លោកបានមានប្រសាសន៍ថា «យើងមិនដែរ មានការចរចា ដោយផ្ទាល់ ប្រភេទនេះ ក្នុងកម្រិតបែបនេះ អស់រយៈពេលជាយូរមកហើយ» លោកបានបន្ថែមថា «យើងមានឱកាសស្ងប់ស្ងាត់ និងបានលម្អិត ក្នុងការបញ្ជាក់ជំហររបស់យើង ឡើងវិញ»។
លោក ពូទីន បាននិយាយទៀតថា «ការសន្ទនា មានភាពស្មោះត្រង់ មានខ្លឹមសារ ហើយតាមគំនិតរបស់ខ្ញុំ នាំឱ្យយើងខិតទៅជិត ការសម្រេចចិត្ត ដែលចាំបាច់»។
ជាការកត់សម្គាល់ កិច្ចប្រជុំកំពូល Trump-Putin បានបិទបញ្ចប់ ដោយគ្មានការប្រកាសបទឈប់បាញ់ បើទោះបីជាលោកខាងលិច បានដាក់សម្ពាធ លើវិមានក្រឹមឡាំង អស់ជាច្រើនខែ ដើម្បីប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នា ក៏ដោយ ប៉ុន្តែ មេដឹកនាំទាំងពីរ អះអាងថា មានលទ្ធផលល្អ។
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលភ្លាម លោក ពូទីន បានចាកពីអាឡាស្កា ភ្លាមៗ ប៉ុន្តែ លោក ពូទីន ប្រាប់លោកត្រាំថា ចង់ធ្វើជាម្ចាស់ផ្ទះ ជួបលោក ត្រាំ ម្តងទៀត នៅទីក្រុងមូស្គូ ជាអ្វីដែល លោកត្រាំ បានស្វាគមន៍ ហើយសង្ឃឹមថា នឹងមានជំនួប ជាថ្មី៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត


