លោក ត្រាំ ប្តេជ្ញាពង្រឹងកម្លាំងដើម្បីសន្តិភាព ក្នុងសាររំលឹកខួបសង្គ្រាមលោកលើកទី២
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា រដ្ឋបាលរបស់លោកនៅតែប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស «ពង្រឹងកម្លាំងដើម្បីសន្តិភាព»។
សេតវិមានបានចេញផ្សាយសាររបស់លោកប្រធានាធិបតី ត្រាំ នេះ នៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។
មេដឹកអាមេរិករូបនេះ បានឲ្យដឹងថា ជនជាតិអាមេរិកជាង ១០០.០០០នាក់បានស្លាប់ នៅក្នុងសង្គ្រាមប៉ាស៊ីហ្វិកតែមួយប៉ុណ្ណោះ។
ប៉ុន្តែជាមួយគ្នានេះ លោកបានកោតសរសើរពីវីរភាពដ៏អង់អាចក្លាហានរបស់ទាហានអាមេរិក បានធ្វើឲ្យចក្រភពជប៉ុនចាញ់សង្គ្រាម ហើយធានាថា ពិភពលោកនឹងរួចផុតពីការគៀបសង្កត់ ការបំផ្លិចបំផ្លាញ និងការជិះជាន់តទៅទៀត។
លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បានបន្ថែមថា សព្វថ្ងៃនេះ ប្រទេសជប៉ុនបានក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់យើងនៅប៉ាស៊ីហ្វិក ដោយយល់ព្រមទទួលយកទាហានអាមេរិកជាង ៥០.០០០នាក់ ឲ្យឈរជើងការពារប្រឆាំងនឹងរបបផ្តាច់ការថ្មី និងមហិច្ឆតាដ៏ធំធេងរបស់ពួកគេកាលពីសម័យមុន។
ជាចុងក្រោយ លោក ប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា សន្តិភាពនឹងមិនអាចកើតមានដូចការសន្យានោះទេ ប៉ុន្តែយើងអាចស្វែងរកវាបាន តាមរយៈការលះបង់ និងការការពារ ដោយ កម្លាំង៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

