អ៊ីស្រាអែលរាប់ម៉ឺននាក់ធ្វើបាតុកម្ម ជំរុញរដ្ឋាភិបាលឈប់ធ្វើសង្គ្រាមនៅហ្គាហ្សា

ហ្ស៊េរុយសាឡិម ៖ កាលពីថ្ងៃទី១៧ ខែសីហា បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង តែល អាវីវ ប្រទេសអ៊ីស្រាអែល ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្គាហ្សា និង ដោះលែងចំណាប់ខ្មាំង ហើយនេះគឺជាបាតុកម្មដ៏ធំបំផុតមួយ នៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម កាលពីខែតុលា ឆ្នាំ២០២៣។

វេទិកា «ចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន» ដែលជាអ្នកផ្តួចផ្តើមគំនិត បាតុកម្មនេះ បានប៉ាន់ស្មានថា មនុស្សប្រហែល ៥០ម៉ឺននាក់ បានចូលរួម ក្នុងការធ្វើបាតុកម្មនេះ តែ ជាតួលេខ មិនត្រូវបានបញ្ជាក់ ដោយប៉ូលិសនោះទេ។

បាតុករ Einav Zangauker ដែលត្រូវជាម្តាយ របស់ចំណាប់ខ្មាំង ឈ្មោះ Matan និង ជាឥស្សរជនឈានមុខគេ នៃ ចលនាតវ៉ានេះ បាននិយាយថា «យើងទាមទារឱ្យមានកិច្ចព្រមព្រៀង ដ៏ទូលំទូលាយ និង អាចសម្រេចបាន ជាមួយនឹងការបញ្ចប់សង្រ្គាម»។ លោកស្រី បានបន្តថា «រដ្ឋាភិបាលអ៊ីស្រាអែល បានប្រែក្លាយសង្រ្គាម ត្រឹមត្រូវពីមុន ទៅជាសង្រ្គាមគ្មានន័យ នាពេលបច្ចុប្បន្ន»។

បាតុករ ឈ្មោះ Ofir Penso អាយុ ៥០ឆ្នាំ បានប្រាប់ AFP ថា «នេះប្រហែលជានាទីចុងក្រោយ ដែលយើងត្រូវជួយសង្គ្រោះចំណាប់ខ្មាំង»។ ពួកគេនាំគ្នាស្រែកថា «នាំពួកគេទាំងអស់ ទៅផ្ទះ! បញ្ឈប់សង្រ្គាម!» ។

ការតវ៉ានេះ បានកើតមាន នៅជាងមួយសប្តាហ៍ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខ របស់អ៊ីស្រាអែលបានអនុម័ត ផែនការដណ្តើមយកក្រុងហ្កាហ្សាទាំងស្រុង ក្រោយ​រយៈពេល ២២ខែក្នុងសង្រ្គាម ដែលបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងទឹកដីប៉ាឡេស្ទីន។

ក្រុមយុទ្ធនាការវេទិកា «ចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន» បានប្តេជ្ញា កាលពីថ្ងៃអាទិត្យ ថា ក្រុមអ្នកតវ៉ានឹង «បិទប្រទេស» ជាមួយនឹងគោលដៅ នាំយកចំណាប់ខ្មាំងមកវិញ និង បញ្ចប់សង្រ្គាម។

ជាការកត់សម្គាល់ ថ្មីៗនេះ នៅទូទាំងប្រទេស បាតុករបានបិទសរសៃឈាមចរាចរណ៍, ដុតកង់រថយន្ត និង ប៉ះទង្គិចជាមួយប៉ូលិស។ អ្នកអនុវត្តច្បាប់ បាននិយាយថា បាតុករ ជាង៣០នាក់ ត្រូវបានចាប់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner