អាជ្ញាធរមីន៖ កម្ពុជាមិនត្រូវការមីនថ្មីណាមួយទៀតទេ!

ភ្នំពេញ៖ ដោយសារឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាមានមីន​គ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន និង​មិនត្រូវការ​មីនថ្មីណាមួយ​ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ និងបង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។នេះជា​ការបញ្ជាក់​របស់​ឯកឧត្តមបណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តី អនុប្រធាន​ទី១អាជ្ញាធរមីន នៅក្នុងសន្និសីទ​សារព័ត៌មាន​កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការអាជ្ញាធរមីន។

សន្និសីទកាសែតដែលមានគោលបំណងបំភ្លឺដល់សាធារណមតិ និងឆ្លើយតប​ចំពោះការចោទប្រកាន់ដោយគ្មាន​មូលដ្ឋានពីសំណាក់ប្រទេសថៃទាក់ទង​នឹងគ្រាប់មីន ឯកឧត្តមបណ្ឌិត លី ធុច បានថ្លែងដោយភាពម៉ឺងម៉ាត់ថា មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ។ នៅលើពិភពលោកនេះ កម្ពុជាគឺជា​ប្រទេសនាំមុនគេ ដែលត្រូវបានទទួល​ស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធ​ប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់​ការ​ប្រើប្រាស់មីន។

ឯកឧត្តមបណ្ឌិតបន្ថែមថា កម្ពុជាបានឆ្លងកាត់ជាង៣ទសវត្សរ៍នៃសង្រ្គាម ។ជាច្រើន​ឆ្នាំនៃ​សង្រ្គាម​បាន​បន្សល់ទុកនូវ មីននិងសំណល់ជាតិផ្ទុះពាសវាល​ពាសកាលនៅទូទាំងប្រទេស ។សំណល់​ជាតិ​ផ្ទុះទាំងនេះ​បានបង្កនូវគ្រោះថ្នាក់​ដល់អាយុជីវិតប្រជាជនកម្ពុជារាប់ម៉ឺននាក់ ។ទឹកដីកម្ពុជាជាច្រើន​ពាន់គីឡូ​ម៉ែត្រ​ក្រឡាមានមីននិង​សំណល់ជាតិផ្ទុះ​ដែលបង្កកាលំបាកដល់ប្រជាជន ការធ្វើស្រែចម្ការ។

រាជរដ្ឋា​​ភិបាល​​កម្ពុជា បានចាត់ទុកការងារបោសសម្អាតមីន គ្រាប់រំសេវនេះ​ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកុមារអាចលេងក្រោយ​ផ្ទះដោយគ្មានគ្រោះថ្នាក់ ដើម្បីឱ្យកសិករធ្វើស្រែដោយគ្មានការលំបាក ការសាង​សង់សាលារៀន មណ្ឌលសុខភាពជាដើម ។ បើតាមឯកឧត្តម លី ធុច ការងារអាទិភាពរបស់រាជរដ្ឋាភិបាលគឺ ពោរពេញដោយការប្តេជ្ញាចិត្តដើម្បី​បោស​​សម្អាត​ស្រមោលនៃមីននិងគ្រាប់រំសេវផ្សេងៗទៀត ឱ្យអស់ពីទឹកដី​កម្សត់​មួយនេះ។

គួរបញ្ជាក់ថា កម្ពុជាជាដើមកំណើតដ៏សំខាន់មួយនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ មានប្រទេស​ប្រមាណជាង១៦០ ជារដ្ឋភាគី។កម្ពុជាបាននាំមុខដ៏សំខាន់ ដោយសារកម្ពុជាមានការឈឺចាប់និងរងគ្រោះ ដ៏ធ្ងន់​ធ្ងរដោយសារមីន ។
ឯកឧត្តម លី ធុច គូសរំលេចថា កម្ពុជាបានក្លាយទៅជារដ្ឋភាគីមួយដ៏សកម្ម ផ្តល់នូវបទពិសោធន៍ គ្រប់បែប​យ៉ាងជូន​ដល់បណ្តាប្រទេសដែលត្រូវការ ជួយពីកម្ពុជាយើង។ រយៈពេល២៥ឆ្នាំនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបាន​ធ្វើជា​ប្រធាន​ដឹកនាំកិច្ចប្រជុំបានចំនួន២ដង គឺនៅឆ្នាំ២០១១ នៅរាជធានីភ្នំ​ពេញ និងនៅឆ្នាំ២០២៤ នៅខេត្តសៀមរាប ៕


អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner