រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាមោទកភាពជាតិសម័យតេជោធិបតី

ភ្នំពេញ៖ខណៈដឹកនាំគណៈប្រតិភូមួយក្រុមចំនួនប្រមាណ៣០០នាក់ ដែលមកពីក្រសួងទេសចរណ៍ ធុរកិច្ចក្នុង​វិស័យ​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកផលិតមាតិកាទេសចរណ៍កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បានបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផល​ដ៏អស្ចារ្យក្នុងសម័យ​តេជោធិបតី។

គណៈប្រតិភូបានចំណាយពេលជាច្រើនដើម្បីទស្សនាមហាសមិទ្ធផល ដែលកំណត់យកថ្ងៃទី៩ ខែកញ្ញាខាងមុខ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិ​ការ​​អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ជាផ្លូវការនិងកំណត់​យក​ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ជាថ្ងៃសម្ពោធជាផ្លូវការ។

ក្នុងឱកាសនេះឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បាន​ផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អ​ប្រណិតរបស់អាកាសយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់​ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទ​ពីគ្រប់​ទិសទីនៅលើពិភពលោកមក​កាន់​ព្រះរាជាណាចក្រកម្ពុជា។អាកាស​យាន​ដ្ឋានអន្តរជាតិថ្មីសន្លាង​នេះ​ចំណាយថវិកាសាងសង់ប្រមាណជាង ២.០០០​លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុង​ឆ្នាំ២០២៥ ដោយផ្អែកលើ​ប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង ។ព្រលាន​នេះបានសាង​សង់លើផ្ទៃដីជាង ២ ៦០០ហិកតា។ ជាអាកាសយាន​ដ្ឋាន​លំដាប់ 4F ដែល​អាចទទួលយន្តហោះខ្នាតធំចុះចត​បានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរ​បានរហូតដល់ ១៣លាននាក់ ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី១។

ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បានកោតស្ញប់ស្ញើងចំពោះអាកាសយាន​ដ្ឋាន​អន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យ​ក្នុង​សម័យ​តេជោធិបតី។ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែល​មានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់​វិស័យទេសចរណ៍។

សូមជម្រាបថា បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល បានកំណត់យកថ្ងៃទី៩ ខែកញ្ញាជាកាលបរិច្ឆេទ​បើកឱ្យ​ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និងកំណត់យកថ្ងៃចន្ទទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀប​ចំពិធីសម្ពោធ​បើកឱ្យប្រើប្រាស់ អាកាសយានដ្ឋាន​អន្តរជាតិតេជោជាផ្លូវការ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា៕


ដោយ៖ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner