ស្ត្រី និងកុមារីនៅហ្គាហ្សាប្រហែល ១ លាននាក់ប្រឈមគ្រោះទុរភិក្សមិនធ្លាប់មាន
ហ្គាហ្សា ៖ ស្ត្រី និង កុមារីប្រហែលមួយលាននាក់ កំពុងប្រឈមមុខនូវភាពស្រែកឃ្លានធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ពិសេសអំពើហិង្សា និងការរំលោភបំពានយ៉ាងច្រើននៅតំបន់ហ្គាហ្សា នេះបើតាមទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសៅរ៍។

សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា វិបត្តិស្បៀងអាហារ និង ទឹកបរិភោគកំពុងបង្កជាហានិភ័យខ្ពស់នៃការស្លាប់ ក្នុងចំណោមប្រជាជននៅហ្គាហ្សា ពិសេសស្រ្តី និងកុមារ។ តួយ៉ាង អាជ្ញាធរសុខាភិបាលហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន ១១នាក់បន្ថែមទៀត រួមមានទាំងកុមារម្នាក់ផងដែរ ដោយសារគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភក្នុងរយៈពេល ២៤ម៉ោង នាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងភាពស្រែកឃ្លានសរុបកើនដល់ ២៥១នាក់ ក្នុងនោះមានកុមារ ១០៨នាក់។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការមិនមែនរដ្ឋាភិបាលចំនួន ១០៨ បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ចាប់តាំងពីថ្ងៃទី២ ខែមីនា អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗភាគច្រើន មិនអាចដឹកជញ្ជូនសម្ភារៈសង្គ្រោះជីវិតចូលទៅក្នុងតំបន់ហ្គាហ្សាបានទេ ដោយសារតែអ៊ីស្រាអែលមិនអនុញ្ញាត ហើយបើគិតតែក្នុងខែកក្កដាមួយប៉ុណ្ណោះ សំណើជាង ៦០លើករបស់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានអ៊ីស្រាអែលបដិសេធ។
ចំណែកកាលពីថ្ងៃសុក្រ ការិយាល័យសិទ្ធិមនុស្សរបស់យូអិនបាននិយាយថា ចន្លោះពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៣ ខែសីហា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១.៧៦០នាក់បានស្លាប់ នៅពេលពួកគេកំពុងស្វែងរកជំនួយចិញ្ចឹមក្រពះនៅហ្គាហ្សា និង ៩៩៤នាក់ទៀតបានស្លាប់នៅតំបន់ជុំវិញទីតាំងយោធាមិនមែនជាកងកម្លាំងរបស់យូអិន និង ៧៦៦នាក់ទៀតបានស្លាប់នៅលើផ្លូវក្បួនឡានដឹកជំនួយ។
ដោយឡែក ចំនួនមនុស្សដែលត្រូវបានសម្លាប់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៦១.៨០០នាក់ និងអ្នករបួសជាង ១៥៥.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
