ថៃកាន់ទុក្ខមនុស្សស្លាប់៦ពាន់នាក់ ក្នុងអំពើហិង្សានៅភាគខាងត្បូង
បាងកក៖ ប្រទេសថៃបានកាន់ទុក្ខ មនុស្សស្លាប់បាត់បង់ជីវិត ជិត៦០០០នាក់ ក្នុងអំពើហិង្សា នៅភាគខាងត្បូង រយៈពេល២២ឆ្នាំ កន្លងមកនេះ។
អំឡុងពិធីកាន់ទុក្ខរួម រម្លឹកដល់អ្នកស្លាប់ រៀបចំឡើងនៅក្នុងខេត្ត Pattani កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Thawee Sodsong បានប្រាប់ថា ភាពចលាចល នៅព្រំដែនភាគខាងត្បូង នៅតែបន្តកើតមាន រយៈពេលពីរទសវត្សរ៍ មកនេះ បើទោះបីជារដ្ឋាភិបាលបានអំពាវនាវឱ្យមានសន្តិភាព និងការសន្ទនាដើម្បីបញ្ចប់អំពើហិង្សា ក៏ដោយ។
លោកបានឲ្យដឹងដែរថា ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត អំឡុងអំពើហិង្សា នៅព្រំដែនភាគខាងត្បូង និងដើម្បី លើកកម្ពស់សីលធម៌ និងលើកទឹកចិត្តដល់គ្រួសារ ដែលរងផលប៉ះពាល់។
យោងតាមស្ថិតិ បី ភាគី ដែលបានផ្ទៀងផ្ទាត់សម្រាប់ខេត្តព្រំដែន ភាគខាងត្បូង បានឲ្យដឹងថា នៅចន្លោះពីឆ្នាំ ២០០៤ ដល់ ២០២៥ មានអំពើហិង្សា កើតឡើង ចំនួនជាង ១ម៉ឺនលើក។ ក្នុងនោះដែរ ក្រៅពីស្លាប់មនុស្ស ប្រមាណ ៦ពាន់នាក់ នៅមានមនុស្សរងរបួសធ្ងន់ ស្រាល ចន្លោះពី ១ម៉ឺន៤ពាន់នាក់ ទៅ ១ម៉ឺន៦ពាន់នាក់ ផ្សេងទៀត ផងដែរ៕
ប្រភពពី Khaosod ប្រែសម្រួល ៖ សារ៉ាត