អ៊ីរ៉ង់គំរាមថា មីស៊ីលខ្លួនអាចបាញ់ដល់ទឹកដីអាមេរិក និងអឺរ៉ុប

តេហេរ៉ង់ ៖ សមាជិកសភានៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Amir Hayat-Moqaddam នៅថ្ងៃអាទិត្យ បានធ្វើការព្រមានក្តែងៗថា ឥឡូវនេះ អ៊ីរ៉ង់មានមីស៊ីលអាចវាយប្រហារលើគោលដៅទីក្រុងនានារបស់អាមេរិកពីទីតាំងនៅឯនាយសមុទ្រ ហើយថា គ្រប់ប្រទេសអឺរ៉ុបទាំងអស់ស្ថិតនៅក្នុងមុខព្រួញនៃមីស៊ីលរបស់អ៊ីរ៉ង់រួចហើយ។

ការគំរាមធ្ងន់ៗរបស់លោក Hayat-Moqaddam កើតឡើងចំពេលដែលចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានបង្ហាញសញ្ញាថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។

E3 រួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានជាផ្លូវការថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីដាក់សម្ពាធបន្ថែមទៀត លុះត្រាតែអ៊ីរ៉ង់វិលត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរវិញនៅចុងខែសីហាខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ, Financial Times និង AP កាលពីសប្តាហ៍មុន។

ប្រទេសអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា បានបង្កើនឃ្លាំងសព្វាវុធ យន្តហោះដ្រូនប្រយុទ្ធ និង មីស៊ីលផ្លោង។ តួយ៉ាង អ៊ីរ៉ង់ទើបផលិតបានមីស៊ីលបញ្ជាទិសវាយប្រហារដីគោករយៈចម្ងាយឆ្ងាយរបស់ខ្លួន មានឈ្មោះថា Hoveyzeh ដែលអាចមានសមត្ថភាពហោះក្នុងចម្ងាយប្រហែល ១.៣៥០គីឡូម៉ែត្រ។

រីឯមីស៊ីលមួយប្រភេទទៀត មានឈ្មោះថា Abu Mahdi ដែលអាចមានសមត្ថភាពហោះក្នុងចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹកអ៊ីរ៉ង់ និងកងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC រួចហើយ។

ចំណែកមីស៊ីលផ្លោងបាលិស្ទីកមួយប្រភេទទៀត ត្រូវបានគេជឿជាក់ថា អាចមានសមត្ថភាពហោះក្នុងចម្ងាយប្រហែល ២.០០០គីឡូម៉ែត្រ ពោលគឺវាអាចវាយប្រហារពីដែនសមុទ្រទៅដល់ដីគោកសហរដ្ឋអាមេរិក និងអឺរ៉ុប៕

ប្រភព ៖ The Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner