ប្រធានាធិបតីហ្វាំងឡង់ ថា មិនទុកចិត្ត លោក ពូទីន
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីប្រទេសហ្វាំងឡង់ បាននិយាយ កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា នៅទីក្រុងវ៉ាស៊ីនតោន ថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិនគួរឱ្យទុកចិត្ត នោះទេ។
លោក Alexander Stubb បានលើកឡើង បែបនេះ បន្ទាប់ពីបានជួបប្រជុំ នៅសេតវិមាន ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដោយពេលនោះ ក៏មានប្រមុខរដ្ឋអ៊ុយក្រែន និង មេដឹកនាំ អឺរ៉ុប ចូលរួមផងដែរ។
លោក ប្រធានាធិបតី Alexander Stubb បានប្រាប់អ្នកយកព័ត៌មាន ហ្វាំងឡង់ថា
«លោក ពូទីន កម្រត្រូវបានគេជឿទុកចិត្តណាស់។ ដូច្នេះ ឥឡូវនេះ នៅតែត្រូវមើលថា តើគាត់មានភាពក្លាហាន ក្នុងការមកជួបប្រជុំបែបនេះ កម្រិតណា តើគាត់មានភាពក្លាហាន ក្នុងការមកកិច្ចប្រជុំត្រីភាគី ឬ គាត់លេងម្តងហើយម្តងទៀត?»។
ជុំវិញពីភាពមិនទុកចិត្តនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកចង់បាន «សញ្ញាច្បាស់លាស់» ពីសហរដ្ឋអាមេរិក ថា អាមេរិកនឹងស្ថិតក្នុងចំណោមប្រទេសដែលផ្តល់ “ការធានាសុវត្ថិភាព សម្រាប់អ៊ុយក្រែន” ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតី Donald Trump និង មេដឹកនាំអឺរ៉ុប នៅសេតវិមាន លោក Zelensky បានបន្ថែមថា “សំណួរអំពីទឹកដី” នឹងនៅសេសសល់ មិនទាន់ដាច់ស្រេច រវាងលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត