ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យថៃប្រគល់កងកម្លាំងកម្ពុជា១៨រូប ដែលថៃចាប់ទាំងខុសច្បាប់ប្រគល់ឱ្យកម្ពុជាឱ្យបានឆាប់
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិលោក ជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅរសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ នៅតែបន្តធ្វើការអំពាវនាវឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប ដែលត្រូវបានកងទ័ពថៃចាប់ដោយខុសច្បាប់ឱ្យវិលត្រឡប់មកកម្ពុជាវិញ និងប្រាប់ឱ្យថៃគោរពច្បាប់អន្តរជាតិ។
ក្នុងសន្និសីទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ភាគីថៃ ត្រូវអនុវត្តតាមកិច្ចព្រមព្រៀង និងគោរពច្បាប់អន្តរជាតិ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញដែលទន្ទឹងរង់ចាំ ទាំងថ្ងៃទាំងយប់។
គួរបញ្ជាក់ថាទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗនៅថ្ងៃទី២៩ ខែកក្កដា។គិតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃ ២៣ម៉ោង និង ១០នាទីគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែសីហា។ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិបន្តការទាមទារ រហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួនដោយព្រមប្រគល់នូវកងកម្លាំងកម្ពុជាទាំង១៨រូបមកវិញក្រោមច្បាប់អន្តរជាតិ។ហើយយើងមិនទុកឱ្យសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោលដោយឯកកោរនោះទេ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា គិតចាប់ពីម៉ោង៦នាទីព្រឹកថ្ងៃទី១៩ ខែសីហា មកដលល់វេលាម៉ោង ៣ រសៀលនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា។
អ្នកនាំពាក្យដដែលបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត៕
ដោយ៖ម៉ាដេប៉ូ