អ៊ុយក្រែនគ្រោងចាយលុយ ៩០ ពាន់លានដុល្លារទិញអាវុធអាមេរិក ដោះដូរនឹងការធានាសន្តិសុខ

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin អាចនឹងចូលតុអង្គុយចរចាគ្នាក្នុងកិច្ចប្រជុំទ្វេភាគីក្នុងពេលពីរសប្តាហ៍ទៀត។

មេដឹកនាំអាល្លឺម៉ង់រូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Putin បានយល់ព្រមចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអ៊ុយក្រែន លោក Zelensky ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

លោក Merz បានគូសបញ្ជាក់ថា លោកប្រធានាធិបតី Trump បាននិយាយជាមួយលោកប្រធានាធិបតី Putin តាមទូរស័ព្ទ ហើយបានយល់ព្រមថា នឹងមានជំនួបរវាងមេដឹកនាំរុស្ស៊ី-អ៊ុយក្រែនក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត។

លោកថា កិច្ចប្រជុំត្រីភាគីផ្សេងទៀត ដែលមានចូលរួមដោយលោកប្រធានាធិបតី Trump ក៏អាចនឹងកើតមានផងដែរ។

ប៉ុន្តែអធិការបតីអាល្លឺម៉ង់មានវ័យ៦៩ឆ្នាំរូបនេះ នៅតែមានការមន្ទិលសង្ស័យ ថាតើលោកប្រធានាធិបតី Putin នឹងមានភាពក្លាហានចូលរួមកិច្ចប្រជុំនេះដែរឬក៏អត់ ដូច្នេះត្រូវការការបញ្ចុះបញ្ចូលបន្ថែម។

យ៉ាងណា លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី Putin បានប្រាប់ទូរទស្សន៍រុស្ស៊ីថា អ្នកចរចាជាន់ខ្ពស់ជាច្រើនរូបទៀត នឹងត្រូវបានចាត់តាំងឱ្យចូលរួមកិច្ចពិភាក្សាបន្ថែមទៀត ប៉ុន្តែលោកមិនបាននិយាយថាតើលោក Putin នឹងចូលរួមដែរឬក៏អត់ទេ។

ទោះបីជាយ៉ាងណា ក្នុងជំនួបកំពូលជាមួយនឹងលោកប្រធានាធិបតី Trump និងមេដឹកនាំអ៊ឺរ៉ុបផ្សេងទៀត នៅព្រឹកថ្ងៃអង្គារនេះ លោក Zelensky បានបង្ហាញសញ្ញាជាវិជ្ជមាន ក្នុងការទទួលយកជំនួបណាមួយក៏បានដោយផ្ទាល់ ជាមួយនឹងលោក Putin ជាលក្ខណៈទ្វេភាគី ឬក៏ជាមួយនឹងលោក Trump ជាលក្ខណៈត្រីភាគី។

ភ្លាមៗក្រោយជំនួបនេះ លោកប្រធានាធិបតី Trump ក៏បានអះអាងដែរថា លោកបានទូរស័ព្ទរួចរាល់ហើយ ជាមួយនឹងលោកប្រធានាធិបតី Putin ដើម្បីរៀបចំជំនួបនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC៕
ប្រភព ៖ telegraph និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner