ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពតអញ្ជើញសួរសុខទុក្ខវីរកងទ័ពនៅខេត្តព្រះវិហារ
កំពត៖លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនិងក្រុមការងារកាលពីព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ អញ្ជើញសាកសួរសុខទុក្ខនិងជូនអំណោយវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីទិសខេត្តព្រះវិហារ។

ក្នុងឱកាសនេះលោកជំទាវបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ចំពោះវីរកងទ័ពនៅសមរភូមិមុខ។លោកជំទាវបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈនេះពួកយើងទាំងអស់គា្ននៅសមរភូមិក្រោយ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់ គិតគូពីសុខទុក្ខរបស់ក្រុមគ្រួសារវីរកងទ័ពមិនឱ្យមានការខ្វះខាតទាំងសុខភាព និងការរស់នៅប្រចាំថ្ងៃ។

អំណោយដែលបាននាំយកទៅប្រគល់ជូនវីរកងទ័ពនាពេលនេះមាន គ្រឿងឧបភោគបរិភោគចំនួន ៧០កស (ក្នុង១ មាន៣៦កញ្ចប់ ,មួយកញ្ចប់មាន សាច់ជ្រូកផាត់ ត្រីផាត់ មី ត្រីខ ឆៃប៉ូវ ត្រសក់ចាវ ស្ករគ្រាប់ គ្រាប់ស្វាយចន្ទី នំ ខ្ទឹមស និងថ្នាំពេទ្យ) អង្ករចំនួន ៥តោន នំបំពង់ ១៣កេស និងម៉ាសពាក់ការពារផ្សែង ១.០០០ម៉ាស់។

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ក្នុងនាមសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានបន្តចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារផងដែរ៕
ដោយ៖ សិលា សារិន

