១ ខែ ថៃខាតជាង ៩២ លានដុល្លារពីវិស័យទេសចរណ៍ ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា
បាងកក ៖ វិស័យទេសចរណ៍របស់ប្រទេសថៃ បានខាតបង់ ប្រាក់ជាង៩២លានដុល្លារអាមេរិក នៅក្នុង១ខែ ដោយសារតែជម្លោះព្រំដែន ដែលកំពុងបន្តជាមួយប្រទេសកម្ពុជា នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីទេសចរណ៍ថៃ។
លោក Sorawong Thienthong រដ្ឋមន្ត្រីទេសចរណ៍ថៃ បាននិយាយថា ការខាតបង់ គឺ បន្ទាប់ពីការបន្ទប់សណ្ឋាគារ ជាង៥,០០០បន្ទប់ នៅទូទាំងប្រទេស ត្រូវបានលុបចោល ហើយ ទីកន្លែងទេសចរណ៍សំខាន់ៗ ត្រូវបានបិទទ្វារ។
លោកបន្តថា សណ្ឋាគារ ដែលអាចនៅតែបើកដំណើរការ គឺ ភាគច្រើន ស្នាក់នៅដោយបុគ្គលិកជំនួយ និង អ្នកកាសែត ពោលគឺ មិនមែន អ្នកទេសចរ នោះឡើយ។
លោក Sorawong បានឲ្យដឹងទៀតថា មានខេត្តចំនួន៧ ជាប់ព្រំដែនជាមួយកម្ពុជា ដែលប៉ះពាល់ខ្លាំង ក្នុងនោះ គម្រោងដំណើរកម្សាន្ត និង បន្ទប់សណ្ឋាគារ ត្រូវបានលុបចោល ជាបន្តបន្ទាប់។
យ៉ាងណា ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ឡើងវិញ លោក Sorawong បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងមានយន្តការ ថ្នាក់ខេត្ត មន្ត្រីទេសចរណ៍ រួមទាំង ប៉ូលីសក្នុងស្រុក នឹងធ្វើការផ្តល់ជំនួយភ្លាមៗ ទៅដល់អ្នកទេសចរ ក្នុងករណីមានគ្រោះថ្នាក់ណាមួយ៕
ប្រភព ៖ ខៅសត់ , ប្រែសម្រួល៖ សារ៉ាត
