មីយ៉ាន់ម៉ាបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុត ជាមួយថៃ
ណៃពិដោ ៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា មីយ៉ាន់ម៉ា បានបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្ម ដ៏មមាញឹកបំផុត ជាមួយថៃ ដោយក្នុងនោះ របបយោធាបានប្តេជ្ញាបិទទីផ្សារងងឹត ដែលផ្តល់មូលនិធិ ដល់ក្រុមប្រឆាំងប្រដាប់អាវុធ នៅមុនការបោះឆ្នោត នាខែធ្នូ ខាងមុខនេះ។
យោងតាមរបាយការណ៍ពីគយថៃ បង្ហាញឲ្យដឹងថា ការដោះដូរទំនិញឆ្លងកាត់ច្រកមួយនេះ តាមរយៈស្ពាន Myawaddy មានតម្លៃ ជាង១២០លានដុល្លារអាមេរិក ជារៀងរាល់ខែ។
គួរបញ្ជាក់ថា របបយោធាបានផ្តើមបិទច្រកឆ្លងកាត់មួយនេះ កាលពីថ្ងៃច័ន្ទ។ យោធា បានបង្កើនសកម្មភាព ប្រឆាំងនឹងពួកឧទ្ទាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដណ្តើមយកមូលដ្ឋាននានា មុនពេលរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
ការស្ទង់មតិបង្ហាញថា នឹងចំណាយពេល ជាច្រើនសប្តាហ៍ ដើម្បីបញ្ចប់ បញ្ហានេះ។
ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បានសន្យា កាលពីសប្តាហ៍មុន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំង នៅតាមព្រំដែន ដែលប្រើប្រាស់ប្រាក់ចំណេញ ប្រមូលបានពីពាណិជ្ជកម្មខុសច្បាប់ ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
