អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា
ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនរួមឬហៅកាត់ថា(JBC) តាមរយៈក្រសួង ការបរទេសកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ ថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។
ឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែមថា ក្នុងស្ថានការណ៍នេះគណៈប្រតិភូ(JBC) កម្ពុជាបានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភបំពាន ដែលសកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាតព្វកិច្ចអន្តរជាតិទាំងអស់៕
ដោយ៖ពលជ័យ

