លោក Wang Yi ថា ចិននិងឥណ្ឌាគួរចាត់ទុកគ្នាជា «ដៃគូ» ជាជាង «សត្រូវ»

ញូវ ដែលី ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយ កាលពីថ្ងៃទី១៨ ខែសីហា ថា ប្រទេសឥណ្ឌា និងចិន គួរតែចាត់ទុកគ្នាជា «ដៃគូ» ជាជាង «សត្រូវ ឬ ធ្វើជាអ្នកគំរាមកំហែងគ្នា»។

លោក Wang Yi បានអះអាងដូច្នេះ នៅក្នុងពេលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar ខណៈដែលប្រមុខកាទូតចិន រូបនេះ បានទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុង ញូវ ដែលី រយៈពេល២ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។

ក្នុងជំនួបនាពេលនោះ លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងប្រទេសទាំងពីរ កំពុងស្ថិតនៅលើ «និន្នាការវិជ្ជមាន» ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ។ រីឯ លោក Jaishankar បាននិយាយថា ឥណ្ឌា និងចិន កំពុងស្វែងរក ឆ្ពោះទៅមុខ ចេញពីដំណាក់កាលដ៏លំបាកមួយ នៅក្នុងទំនាក់ទំនង របស់ប្រទេសទាំងពីរ។ សមភាគីទាំងពីរ ក៏បានពិភាក្សាគ្នា លើបញ្ហាទ្វេភាគី ជាច្រើន រាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់ការធ្វើធម្មយាត្រា និង ការចែករំលែកទិន្នន័យទន្លេ ផងដែរ។

ក្នុងពេលមានវត្តមាននៅឥណ្ឌា លោក Wang Yi ក៏បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ទៀតផង ដោយផ្តោតលើការដោះស្រាយជម្លោះព្រំដែន រវាងប្រទេសទាំងពីរ។ នាពេលនោះ លោក Yi បាននិយាយ ថា ភាគីចិនរីករាយ ក្នុងការដែលឃើញស្ថិរភាព ត្រូវបានស្ដារឡើងវិញ នៅព្រំដែន។ លោកបានថ្លែងថា ការប្រឈមមុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មិនមែនជាការចង់បាន របស់ចិន នោះទេ។

ដំណើរទស្សនកិច្ច របស់លោក Yi ត្រូវបានគេមើលឃើញថា ជាសញ្ញាចុងក្រោយបំផុត នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាង ប្រដាប់អាវុធនុយក្លេអ៊ែរ ទាំងពីរ។ ថ្មីៗនេះ ឥណ្ឌា និងចិន បានព្រមព្រៀងគ្នា លើការរៀបចំសកម្មភាពល្បាត ដើម្បីកាត់បន្ថយភាពតានតឹង នៅតាមព្រំដែន ហិម៉ាឡៃយ៉ាន ដែលមានជម្លោះ កាលពីខែតុលា ឆ្នាំមុន។

ប្រទេសទាំងពីរ បានវិលមករកភាពល្អនឹងគ្នាឡើងវិញ ចំពេលដែលទំនាក់ទំនងទ្វេភាគី របស់ឥណ្ឌា ជាមួយអាមេរិក កាន់តែអាក្រក់។ ជាក់ស្តែង កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពិន័យពន្ធគយ បន្ថែម២៥% លើការនាំចូលទំនិញ របស់ឥណ្ឌា ដោយសារ តែប្រទេសនេះ ទិញប្រេង និងអាវុធពីរុស្ស៊ី ជាហេតុនាំឲ្យ ពន្ធគយសរុប ដែលអាមេរិកដាក់លើឥណ្ឌា បានកើនដល់ ៥០% ជាតម្លៃខ្ពស់បំផុត ប្រចាំតំបន់អាស៊ី៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner