មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ អាស៊ានបាននឹងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅរបស់ប្រជាជនឱ្យមានសុខភាពល្អ
(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងលើកឡើងថា ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព Fit ASEAN ឆ្នាំ២០២៥ ក្រោមប្រធានបទ «សហគមន៍មានសុខភាពល្អ សហគមន៍មានការអភិវឌ្ឍ»ត្រូវបានធ្វើឡើងដោយអនុវត្តផែនការអាស៊ាន ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការធ្វើតេស្តកាយសម្បទាប្រជាជននៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ានទាំងមូល។
ការប្រារព្ធទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាពនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅលើសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី ជាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមពីគ្រូបង្វឹក កីឡាករ កីឡាការិនី សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៥០០នាក់ ។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ ទៀតថា អាស៊ានបាននឹងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅរបស់ប្រជាជនឱ្យមានសុខភាពល្អ និងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ។ ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាននេះ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាសមិទ្ធផលមួយ បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ មានការកោតសរសើរពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញចលនា «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដើម្បីកសាងនូវមូលធនមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញវិជ្ជាជីវៈ សុខភាពផ្លូវកាយ ផ្លូវចិត្ត កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត តស៊ូការងារ មានជីវភាពរស់នៅល្អប្រសើរជឿនលឿន ស្របតាមប្រធានបទ «សហគមន៍មានសុខភាពល្អ សហគមនមានការអភិវឌ្ឍ» ទាំងសង្គមគ្រួសារ សហគមន៍ជាតិ និងសហគន៍អន្តរជាតិ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាស្នើសុំដល់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន អង្គការជាតិ អន្តរជាតិចូលរួមចំណែកជំរុញចលនាឱ្យកាន់តែផុសផុលនូវយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដូចជា ផ្សព្វផ្សាយសារៈប្រយោជន៍នៃការហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព បណ្តុះវប្បធម៌ លើកទឹកចិត្តឱ្យមន្ត្រី បុគ្គលិក ប្រជាជនហាត់ប្រាណនិងលេងកីឡាគ្រប់ៗគ្នា ព្រមទាំងជួសជុល កែលម្អរ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីលានកីឡា ទីកន្លែងហាត់ប្រាណបម្រើឱ្យសកម្មភាពហាត់ប្រាណនិងលេងកីឡា។
យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា កត្តាគ្រោះថ្នាក់ជាទូទៅដោយជំងឺមិនឆ្លងមានបួនកត្តាសំខាន់ៗ ដូចជាការទទួលទានរបបអាហារមិនល្អ រាងកាយពុំបានធ្វើចលនាគ្រប់គ្រាន់ ការប្រើប្រាស់ថ្នាំជក់ និងការផឹកគ្រឿងស្រវឹង។ តាមរយៈការខិតខំប្រឹងប្រែងនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីការលើកកម្ពស់សុខភាព និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីកីឡាបានសហការគ្នាដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើចលនារាងកាយ និងការបរិភោគចំណីអាហារ ដើម្បីជំរុញការអភិវឌ្ឍសុខភាព សេដ្ឋកិច្ចប្រកបដោយ ចីរភាព វិបុលភាព ធានាបាននូវសុខុមាលភាពរបស់ប្រជាជន និងសហគមន៍ ដែលជាសរសរស្តម្ភជាមូលដ្ឋាននៃការរីកចម្រើនរបស់សង្គម។
គួរបញ្ជាក់ថា ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាពត្រូវបានរៀបចំឡើងដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានអ្នកចូលរួម ៥០០នាក់ ក្នុងនោះធ្វើតេស្តកាយសម្បទាប្រជាជន ១០០នាក់ ហាត់ប្រាណតាមចង្វាក់ភ្លេង ៣០០នាក់ កីឡាវាយកូនឃ្លីលើតុ ៥០នាក់ និងវាយវាយសី ៥០នាក់៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ