លោក ពូទីន ចង់ជួបលោកហ្សេលែនស្គី នៅមូស្គូ
មូស្គូ ៖ លោក ពូទីន ចង់ឲ្យ ជំនួបកំពូលរុស្ស៊ី-អ៊ុយក្រែន គួររៀបចំធ្វើឡើង នៅក្នុងទីក្រុងមូស្គូ ទើបអាចមានលទ្ធភាព បង្កើតកិច្ចព្រមព្រៀង «សន្តិភាព» បាន។
ស្របពេលដែលមានព័ត៌មាន ចុះផ្សាយព្រោងព្រាត អំពីលទ្ធភាព រៀបចំកិច្ចប្រជុំកំពូល រវាងលោក ពូទីន មេដឹកនាំរុស្ស៊ី និងលោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមនោះ លោក ពូទីន ស្នើឱ្យទីក្រុងមូស្គូ ជាកន្លែងប្រជុំដ៏មានសក្តានុពល សម្រាប់ពិភាក្សា បង្កើតឲ្យមានកិច្ចសន្តិភាព។
ប្រភពដែលបានដឹងអំពីលទ្ធផលនៃ ការហៅទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក Donald Trump និងលោក Vladimir Putin នាពេលថ្មីៗនេះ មេដឹកនាំរុស្ស៊ី បានស្នើឱ្យមានកិច្ចចរចាសន្តិភាព ដែលមានសក្តានុពលជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុងម៉ូស្គូ ប៉ុន្តែ លោក Zelensky បាននិយាយថា «ទេ» ។
ជុំវិញរឿងនេះ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី ខារ៉ូឡាន ឡេវីដ (Karoline Leavitt) បានប្រាប់អ្នកកាសែត នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែសីហា ថា មានជម្រើសជាច្រើន សម្រាប់ទីតាំងរៀបចំ កិច្ចប្រជុំកំពូលសន្តិភាព ដែលអាចធ្វើទៅបាន រវាងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និង លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។
រីឯ ខាងអឺរ៉ុបវិញ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គួរតែរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត