ពេញមួយថ្ងៃទី២០សីហា ក្រុមអ្នកសង្កេតការអន្តរកាល (IOT) ៥ប្រទេស បានឡើងទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ក្រោយបទឈប់បាញ់ចូលជាធរមាន
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងគោលការណ៍ឯកភាពទាំង ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសង្កេតការណ៍ គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ។

លោកជំទាវ ម៉ាលី សុជាតា បានបន្តថា រយៈពេលពេញមួយថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់ក្រុមអនុព័ន្ធយោធា ដែលជាក្រុមអ្នកសង្កេតការអន្តរកាល (IOT) ដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពី ៥ប្រទេសចូលរួម ដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនោះមានឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានធ្វើដំណើរទៅដល់ខេត្តព្រះវិហារ និងបានអញ្ជើញឡើងទៅពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពក្រោយបទឈប់បាញ់ចូលជាធរមាន ។

អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការអន្តរកាល ខាងលើនេះ គឺបានការចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ។
លោកជំទាវ បានប្តថា កម្ពុជា នៅតែបន្តអំពាវនាវដ៏ភាគីថៃ អនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រគល់មកឱ្យកម្ពុជាវិញ នូវកងកម្លាំងរបស់យើងទាំង ១៨រូប ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់គាត់ ដែលកំពុងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ។
គួរបញ្ជាក់ថា ទាហានថៃ បានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបត់ឈប់បាញ់ចូលជាធរមានភ្លាមៗ ពោល គឺនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ២២ថ្ងៃ ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នៅតែបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល នៅឯកោជាដាច់ខាត ។
រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្ដីថ្លៃថ្នូរ និងអធិបប្រយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់បំផុត ។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បន្តថា ការអនុវត្តបទឈប់បាញ់បានពេញលេញ របស់ភាគីកម្ពុជា និងថៃ នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលចំណុចនេះ គឺពុំមែនត្រឹមតែប្រជាជននៃប្រទេសទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល ក៏ចង់ឃើញផងដែរតាមរយៈការចេញសារជាច្រើន ដែលសម្ដែងអំពីអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ។
ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនាដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសថៃ ម៉ាឡេស៊ី បណ្ដាសមាជិកអាស៊ាន ដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជា សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើម ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត
