អាមេរិកពង្រាយនាវាចម្បាំង៣គ្រឿង ទៅទប់ស្កាត់គ្រឿងញៀន នៅវេណេស៊ុយអេឡា
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់ពង្រាយនាវាចម្បាំងចំនួន ៣ គ្រឿង នៅឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការជួញដូរគ្រឿងញៀន នេះបើតាមប្រភព ដែលដឹងអំពីចំណាត់ការនេះ បាននិយាយ កាលពីថ្ងៃពុធ ទី២០ ខែសីហា។
ប្រភពរបស់សហរដ្ឋអាមេរិក បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាវាពិឃាតមីស៊ីលប្រភេទ Aegis ចំនួន បី គ្រឿង កំពុងធ្វើដំណើរទៅកាន់ដែនទឹក នៃប្រទេសវេណេហ្ស៊ុយអេឡា។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា ក្រុងវ៉ាស៊ីនតោនក៏គ្រោងនឹងបញ្ជូនទាហានម៉ារីនចំនួន ៤០០០ នាក់ ទៅកាន់តំបន់នោះ ទៀតផង។
ការពង្រាយនេះ បានធ្វើឡើង ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន បានចោទប្រកាន់ មេដឹកនាំប្រទេសនេះ គឺ លោក Nicolas Maduro ថា ដឹកនាំក្រុមជួញដូរកូកាអ៊ីន Cartel de los Soles ឬ Cartel of the Suns។
ក្រសួងហិរញ្ញវត្ថុអាមេរិក ថា ក្រុមនេះ គឺជាភេរវករពិសេស គាំទ្រក្រុមជួញដូរគ្រឿងញៀន Tren de Aragua និង Sinaloa ដែលត្រូវបានដាក់ស្លាកថា ជាអង្គការភេរវករបរទេស កាលពីដើមឆ្នាំនេះ។ សេតវិមាន បាននិយាយ កាលពីថ្ងៃអង្គារថា លោក Trump នឹងប្រើ វិធីដើម្បីបញ្ឈប់ការជួញដូរគ្រឿងញៀន។
យ៉ាងណា លោក Maduro បាននិយាយ កាលពីថ្ងៃចន្ទថា លោកនឹងដាក់ពង្រាយសមាជិកកងជីវពលចំនួន ៤.៥ លាននាក់ នៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីឆ្លើយតបទៅនឹង “ការគំរាមកំហែង” របស់សហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត