ប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើមខែកញ្ញាខាងមុខនេះ
(ភ្នំពេញ)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos) និងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ មកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។ ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមខែក្រោយ របស់ ប្រធានាធិបតីហ្វីលីពីន គឺធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន កាន់តែស៊ីជម្រៅ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទាំងទ្វេភាគី ក្នុងតំបន់អាស៊ានផងដែរ ។
នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និង ជីអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពីទីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្នុងន័យពិភាក្សាផ្តោតលើការរៀបចំពិធីទទួល និងជូនដំណើរឲ្យបានល្អឥតខ្ចោះ។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។
ជំនួបថ្នាក់ដឹកនាំកម្មវិធីសំខាន់បំផុតគឺកិច្ចប្រជុំកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីនេះ នឹងមានជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ជំនួបទាំងនេះត្រូវបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការទូត និងសន្តិសុខក្នុងតំបន់៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា