កូរ៉េខាងជើងសង្ខំសង់មូលដ្ឋានយោធាសម្ងាត់ ផ្ទុកមីស៊ីលផ្លោងឆ្លងទ្វីបថ្មីក្បែរព្រំដែនចិន
ព្យុងយ៉ាង ៖ យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា កូរ៉េខាងជើងបានសាងសង់មូលដ្ឋានយោធាសម្ងាត់មួយនៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីបម្រើជាទីតាំងផ្ទុកមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយថ្មីបំផុតរបស់ទីក្រុងព្យុងយ៉ាង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅក្នុងថ្ងៃព្រហស្បតិ៍នេះ។

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា មូលដ្ឋានប្រតិបត្តិការមីស៊ីលបាលិស្ទីគ Sinpung-dong ដែលមិនត្រូវបានប្រកាស មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២៧គីឡូម៉ែត្រពីព្រំដែនប្រទេសចិន។
យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា មូលដ្ឋានយោធាសម្ងាត់នៅក្នុងខេត្ត North Pyongan នេះ ទំនងជាទីតាំងផ្ទុកមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBMs) ពី ៦ ទៅ ៩ គ្រាប់ ព្រមទាំងឧបករណ៍បាញ់បង្ហោះរបស់មីស៊ីលទាំងនោះ។ ការសិក្សានេះក៏បានព្រមានដែរថា សព្វាវុធ ឬមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងនេះ នឹងបង្កការគំរាមកំហែងនុយក្លេអ៊ែរដ៏មានសក្តានុពលដល់តំបន់អាស៊ីខាងកើត និងទ្វីបអាមេរិក។
របាយការណ៍របស់មជ្ឈមណ្ឌល CSIS បានឱ្យដឹងទៀតថា មូលដ្ឋានយោធា Sinpung-dong គឺជាផ្នែកមួយនៃមូលដ្ឋានផ្ទុកមីស៊ីលផ្លោងពី ១៥ទៅ២០គ្រាប់ ការថែទាំ ការគាំទ្រ កន្លែងផ្ទុកមីស៊ីល និងកន្លែងផ្ទុកក្បាលគ្រាប់ ដែលកូរ៉េខាងជើងមិនធ្លាប់បានប្រកាសពីមុន។
យោងតាមការវាយតម្លៃបច្ចុប្បន្នរបស់អ្នកវិភាគ, មជ្ឈមណ្ឌល CSIS អាចសន្និដ្ឋានថា មីស៊ីល និងឧបករណ៍បាញ់បង្ហោះមីស៊ីល នឹងបញ្ជូនចេញពីមូលដ្ឋាន ក្នុងពេលមានជម្លោះ ឬសង្គ្រាមកើតឡើង ដោយសហការជាមួយអង្គភាពពិសេស ដើម្បីបាញ់បង្ហោះមីស៊ីលទាំងនោះ ចេញពីទីតាំងផ្សេងទៀតនៃប្រទេសកូរ៉េខាងជើង។
បើតាមរបាយការណ៍បានឱ្យដឹងថា មូលដ្ឋានយោធាសម្ងាត់នេះ រួមជាមួយនឹងមូលដ្ឋានផ្សេងទៀត ត្រូវបានអ្នកជំនាញជឿជាក់ថា ជាទីតាំងយុទ្ធសាស្ត្រមីស៊ីលបាលិស្ទីគ ដែលកំពុងវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងជើង សំដៅបង្កើនការទប់ស្កាត់ និងសមត្ថភាពវាយប្រហារនុយក្លេអ៊ែរកម្រិតយុទ្ធសាស្ត្រប្រឆាំងនឹងសត្រូវ៕
ប្រភព ៖ The Guardian ប្រែសម្រួល ៖ ឈឹម ទីណា
