ឥណ្ឌាសាកល្បងមីស៊ីលបាលីស្ទិកផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ចំពេលតានតឹងជាមួយអាមេរិក

ញូវ ដែលី ៖ ប្រទេសឥណ្ឌាបានសាកល្បងមីស៊ីលបាលីស្ទិក ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដោយជោគជ័យ កាលពីថ្ងៃទី២០ ខែសីហា ចំពេលមានភាពតានតឹងពាណិជ្ជកម្ម កាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា មីស៊ីលផ្លោង Agni-5 ត្រូវបានបាញ់បង្ហោះ ចេញពីរដ្ឋ Odisha ភាគខាងកើត របស់ប្រទេសឥណ្ឌា ដោយជោគជ័យ និងអាចត្រៀមធ្វើប្រតិបត្តិការគ្រប់ពេល។ មីស៊ីលផ្លោង រយៈចម្ងាយខ្លី និងមធ្យម របស់ឥណ្ឌា ត្រូវបានផលិត ជាបន្តបន្ទាប់ ក្នុងគោលបំណង បង្កើនជំហរការពារខ្លួន ប្រឆាំងនឹង ប៉ាគីស្ថាន ក៏ដូចជា ប្រទេសចិន ដែលធ្លាប់មានការប៉ះទង្គិចគ្នា នៅព្រំដែន។

ឥណ្ឌា និងចិន ដែលជាគូប្រជែងដ៏ខ្លាំងក្លា បានប៉ះទង្គិចគ្នា នៅតាមព្រំដែន ដ៏ធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ ប៉ុន្តែ បច្ចុប្បន្ន ភាគីទាំងពីរ បានព្យាយាមស្តារទំនាក់ទំនង ឡើងវិញ។

ឥណ្ឌា ក៏ទើបមានជម្លោះប្រដាប់អាវុធ ជាមួយប៉ាគីស្ថាន កាលពីខែឧសភា ឆ្នាំ២០២៥ ពោលគឺ បន្ទាប់ពីពួកសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស ២៦នាក់ នៅក្នុងតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ហើយ ទីក្រុងញូវដែលី បានស្តីបន្ទោស ទៅលើទីក្រុងអ៊ីស្លាម៉ាបាដ ជុំវិញរឿងនេះ ប៉ុន្តែ ប៉ាគីស្ថាន បានបដិសេធ ថា មិនជាប់ពាក់ព័ន្ធទេ។

យ៉ាងណា ការបាញ់សាកល្បងអាវុធប្រល័យលោកនេះ បានកើតមានឡើង ចំពេលដែលទំនាក់ទំនងរវាងទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោន កាន់តែតានតឹង ដោយសារតែ លោក Trump បានសម្រេចតំឡើងពន្ធគយ លើទំនិញនាំចូលរបស់ឥណ្ឌា រហូតដល់៥០ភាគរយ ជាចំនួនច្រើនបំផុត ប្រចាំអាស៊ី ហើយគ្រោងនឹងចូល ជាធរមាន នៅថ្ងៃទី២៧ ខែសីហា ខាងមុខនេះ។ ជាការដាក់សំពាធ ព្រោះតែ ឥណ្ឌា បន្តទិញប្រេងពីរុស្ស៊ី ដែលបានផ្តល់ប្រភពចំណូល ដ៏សំខាន់ សម្រាប់ទីក្រុងមូស្គូ ធ្វើប្រតិបត្តិការវាយលុកយោធា នៅប្រទេសអ៊ុយក្រែន៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner