ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ គោលបំណងពិតប្រាកដ នៃការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង
(ភ្នំពេញ)៖ គោលបំណងពិតប្រាកដ នៃការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង ដែលទិន្នន័យទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ការបែងចែកថវិកា និងការរៀបចំគោលនយោបាយនានាឱ្យមានប្រសិទ្ធភាព ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងឱកាសអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២០ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ ១៤០នាក់ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកអំពីទិដ្ឋភាពទូទៅ នៃការកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងបរិបទកម្ពុជា ចាប់តាំងពីប្រវត្តិ នៃការកកើតរហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលដឹកនាំអនុវត្ត ដោយក្រសួងមុខងារសាធារណៈ ។
ឯកឧត្តម បានបន្ថែមថា ការងារបន្ទាប់សំខាន់ដែលជាការងារអាទិភាព ចំពោះមុខមួយទៀត គឺការអនុវត្តយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ, នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន, និងនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលនឹងចាប់ផ្តើមអនុវត្តនាពេលឆាប់ៗ ខាងមុខនេះ។
ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្សព្វផ្សាយ ពីគោលបំណងពិតប្រាកដនៃការធ្វើជំរឿន ដោយក្នុងនោះ ឯកឧត្តមបានផ្តាំផ្ញើថា ស្មារតីនៃការធ្វើជំរឿននេះ គឺមិនមែនមានគោលបំណង ដើម្បីស្វែងរកកំហុស មិនមែនជាការឈានដល់ការវះកាត់ ឬសើរើទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យ ឬធ្វើឱ្យបាត់ប្រយោជន៍ក្នុងនាមជាមន្រ្តីរាជការ ដែលខិតខំបំពេញការងារពិតប្រាកដនោះទេ គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង សម្រាប់ការរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ការបែងចែកថវិកា និងការរៀបចំគោលនយោបាយនានាឱ្យមានប្រសិទ្ធភាព ៕ដោយ ៖ វណ្ណលុក








