លោក ពូទីន ជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា
មូស្គូ ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ចៃសានកា នៅវិមានក្រឹមឡាំង កាលពីថ្ងៃទី២១ ខែសីហា។
ជំនួប នៅក្នុងទីក្រុងមូស្គូនេះ បានធ្វើឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានធ្វើដំណើរ ទស្សនកិច្ច រយៈពេលពីរថ្ងៃ ទៅកាន់ប្រទេសរុស្ស៊ី។ លោក Jaishankar ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងមូស្គូ ផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន Anadolu បានឲ្យដឹងថា
ប្រមុខការទូតឥណ្ឌា រូបនេះ ធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ចំពេលដែលមានការគំរាមកំហែង របស់សហរដ្ឋអាមេរិក ជុំវិញការបន្ថែមពន្ធ 25% ទៀត លើទំនិញនាំចូលរបស់ប្រទេសឥណ្ឌា រួមទាំង សំពាធ ប្រឆាំងនឹងការទិញប្រេង របស់រុស្ស៊ីផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សានេះ លោក Lavrov និង លោក Jaishankar បានប្រកាសថា លោក ពូទីន អាចនឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា មុនដំណាច់ឆ្នាំនេះ។
នេះជាលើកទី២ហើយ ក្នុងរយៈពេល ពីរសប្តាហ៍ ដែលមន្ត្រីឥណ្ឌា បានហោះហើរ ទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយលោក ពូទីន ក្នុងនោះ កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី បានធ្វើជាម្ចាស់ផ្ទះទទួល ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា គឺ លោក Ajit Doval៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត