ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គនៃប្រទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ នៅដើម សប្ដាហ៍ក្រោយ
ភ្នំពេញ៖លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រាប់ឱ្យដឹង ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃដែលនឹងចាប់ផ្តើមនៅដើមសប្ដាហ៍ក្រោយ។បញ្ហា ទំនាស់រវាងកម្ពុជា និងថៃ គឺជាប្រធានបទសំខាន់នៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានមានខ្លឹមសារយ៉ាងដូច្នេះថា៖១. រដ្ឋាភិបាល ជប៉ុនជឿជាក់ថាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។២. ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ កម្ពុជា និងថៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ដោយគ្រោងប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាង ប្រទេសកម្ពុជា និងថៃ៕
ដោយ៖មុនី