ឧត្តមសេនីយ៍ទោ ឈរ សុខ «កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ និងជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន»

(ខេត្តកំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្កហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៧ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ចំនួន៥ចំណុច ជូនបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទ រួមមាន៖
ទី១. កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិនិងប្រជាជន។
ទី២. គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំង ឱ្យសមស្របត្រូវតាមជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធបរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។
ទី៣. គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពង្រឹងការបង្កើនជំនាញដល់យោធិន ឱ្យស្របទៅតាមភារកិច្ច និងតួនាទីរបស់យោធិនអាជីព។
ទី៤.គ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈ គ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាជន នៅពេលមានគ្រោះភ័យជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យល្អជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
ទី៥.សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជម្រុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជាការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ព និងក្រុមគ្រួសារ ធានាផាសុខភាព សុខុមាលភាព និងផលិតភាពក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

ឧត្តមសេនីយ៍ទោ ឈរ សុខ បន្ថែមថា៖ ការងារ ហ្វឹកហ្វឺន និងការងារសំខាន់ៗជាច្រើនទៀត គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលអនាគត។ ក្នុងយុទ្ធសាស្រ្តសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការហ្វឹកហ្វឺនបណ្តុះបណ្តាលលើមុខជំនាញគ្រប់ប្រភេទ ជាពិសេស គឺការបញ្ចប់វគ្គហ្វឹកហ្វឺនបើកបររថយន្តធុនធ្ងន់ប្រកបដោយជោគជ័យ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការប្រើប្រាស់កម្លាំង និងកិច្ចការពារប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យបូរណភាពទឹកដី សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា។

ឧត្តមសេនីយ៍ទោ ឈរ សុខ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គ នាពេលនេះ ពេលវិលទៅអង្គភាពវិញត្រូវយកចំណេះដឹងបានមកពីការសិក្សារៀនសូត្រទៅផ្សព្វផ្សាយដល់មិត្តរួមអាជីព និងប្តេជ្ញាអនុវត្តន៍រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងរបស់មេបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព។ ត្រូវបង្កើនការយកចិត្តទុកដាក់បន្តការងារហ្វឹកហ្វឺនរៀនសូត្រឱ្យបានម៉ឺងម៉ាត់ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញឯកទេសផ្សេងៗ បន្ថែមទៀត ជាពិសេសលើជំនាញបើកបររថយន្ត ដល់យោធិនគ្រប់រូបឱ្យបានមានចំណេះ ដើម្បីបម្រើការងារជូនអង្គភាព។ ត្រូវយកចិត្តទុកដាក់ម្ចាស់ការ ច្នៃប្រឌិតឱ្យបានខ្លាំងក្លាថែមទៀត និងរាល់ការងារ របស់កងទ័ព ត្រូវលាក់ការណ៍សំងាត់ហាមផ្សព្វផ្សាយជាកំហិត។ ទន្ទឹមនឹងនោះដែរ យោធិនគ្រប់រូប ត្រូវយកចិត្តទុកដាក់ ក្នុងការលើកស្ទួយជីវភាពរស់នៅ សុខភាព និងសុខមាលភាព ហើយសូមចៀសឱ្យឆ្ងាយពីការប្រើប្រាស់ ឬជួញដូរគ្រឿងញៀន បើយោធិនរូបណា មានពាក់ព័ន្ធ ត្រូវបណ្ដោញចេញពីក្របខណ្ឌ។

ឧត្តមសេនីយ៍ទោ ឈរ សុខ បានអំពាវនាវដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន សូមចងចាំទុកថា៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃប្រវត្តិសាស្រ្ត មិនអាចបំភ្លេចបាន ដែលកងទ័ពសៀមបានបង្កសង្គ្រាមឈ្លានពានចូលដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយមានការប្រើប្រាស់អាវុធទំនើបៗ បាញ់ផ្លោង ទំលាក់គ្រាប់បែកគ្រប់ប្រភេទ និងផ្សែងពុល ចូលទឹកដីកម្ពុជា បណ្តាលឱ្យមានការបាត់បង់ជីវិតកងទ័ព ,ប្រជាជន ,ទីវត្តអារាម ,ប្រាងប្រាសាទនានា ,ផ្ទះសម្បែងរបស់ប្រជាជន នៅតាមបន្ទាត់ព្រំដែន ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលមានការរំលោភបំពានលើច្បាប់អន្តរជាតិ។ នៅថ្ងៃនេះ និងថ្ងៃអនាគត យើងទាំងអស់គ្នាជាកូនខ្មែរ ត្រូវបន្តុះស្មារតីជាតិនិយមជាឆ្លុងមួយ ស្នេហាជាតិ ការពារជាតិការពារបូរណ ភាព ការពារដែនអធិបតេយ្យភាពជាតិ ការពារសុខសន្តិភាព មិនឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត និងទប់ស្កាត់ឱ្យបាននូវរាល់ឧបាយកលរបស់បក្យពួកប្រឆាំង និងក្រុមដំណពូជក្បត់ជាតិគ្រប់ជំនាន់ ម្តងហើយម្តងទៀត ពួកវាតែងតែប្រើគ្រប់កលល្បិច គ្រប់វិធីសាស្រ្ត ដើម្បីរារាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ មិនតែប៉ុណ្ណោះពួកវាបានប្រើគ្រប់រូបភាពដើម្បីបំបាក់ស្មារតីរបស់កងទ័ព ដែលកំពុងឈរជើងប្រយុទ្ធចំពោះខ្មាំងសត្រូវទៀងផង៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner