រដ្ឋមន្រ្តីក្រសួងអប់រំ ៖ បេក្ខជនប្រឡងបាក់ឌុបដែលស្ថិតនៅខេត្តជាប់ព្រំដែនចំនួន២ នឹងមានលក្ខណៈពិសេសជួយ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបដែលនឹងត្រូវប្រឡងនៅថ្ងៃទី ២៨ -២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ចំពោះបេក្ខជនដែលស្ថិតនៅជាប់ព្រំដែនដែលទទួលរងផលលំបាកដោយសារសង្រ្គាមឈ្លានពានពីសំណាស់ពីប្រទេសសៀមក្រសួងនឹងមានលក្ខណពិសេសជួយក្នុងការប្រឡងខាងមុខ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឱ្យដឹងថា ៖ ក្រសួងអប់រំនឹងមានវិធានការពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុប នៅខេត្តឧត្ដរមានជ័យ និងព្រះវិហារ ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ៖ ក្រសួងកំណត់ជាមុនរួចហើយ ឱ្យសិស្ស ៨០ភាគរយពី ឧត្តរមានជ័យ និងព្រះវិហារ «ជាប់បាក់ឌុបតែម្តង» និងថែមទាំងផ្តល់អាហារូបករណ៍ទៅរៀនមហាវិទ្យាល័យផងដែរ ។ សម្រាប់បេក្ខជននៅខេត្តដទៃទៀតគឺដំណើរការធម្មតាដូចបណ្តាឆ្នាំងកន្លងមក ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សម្រាប់ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នឹងត្រូវប្រព្រឹត្តទៅ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់» ។

គួរបញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ មានចំនួនសរុប ១៤៦ ៧២០នាក់ ក្នុងនោះស្រីចំនួន ៨១ ៤៤២នាក់។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤០ ៦៧៨នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២នាក់៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner