យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការស្ម័គ្រចិត្តនៅមូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សា សំដៅសម្រេចបានបេសកកម្មមនុស្សធម៌ និងយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ សកម្មភាពការងាររបស់យុវជនកាកបាទក្រហមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងពីការបំពេញតាមតួនាទី ភារកិច្ច និងស្មារតីជាក្រុមរបស់យុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥ ក្នុងរាជធានីភ្នំពេញ មានចលនារស់រវើកស្របតាមវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន ដែលបានចាត់ទុកកម្លាំងយុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការស្ម័គ្រចិត្តនៅមូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សា សំដៅសម្រេចបានបេសកកម្មមនុស្សធម៌ និងយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ២០២១-២០៣០។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល ៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៥ និងធ្វើផែនការបន្ត របស់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំ ២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ពីតួនាទី-ភារកិច្ចរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលត្រូវតែសិក្សាឱ្យបានច្បាស់លាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសការប្រើប្រាស់និងការការពារបដិរូបកាកបាទក្រហម និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍គ្រឹះទាំង៧របស់ចលនា នៅពេលចុះទៅបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អ និងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តល់នូវគោលគំនិតសំខាន់ៗដល់ក្លឹបយុវជនទាំងអស់ សម្រាប់ការដាក់ចេញនូវផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត ដូចជាការចុះបំពេញសកម្មភាពជួយដល់ប្រជាជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាផងដែរ ៕
ដោយ / គ្រី សម្បត្តិ




