CNN ៖ លោក ថាក់ស៊ីន រួចខ្លួន ទោះបីថៃបង្កើនការកាត់ទោសអ្នកប្រមាថស្តេច
បាងកក ៖ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ CNN បានចុះផ្សាយ នៅថ្ងៃទី២២ ខែសីហា ដោយដាក់ចំណងជើងថា «អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានរួចខ្លួន បើទោះបីជា ថៃ នៅតែបង្កើនសកម្មភាពកាត់ទោស ក្រុមអ្នកប្រមាថស្តេច ក៏ដោយ»។
ប្រភពបានរៀបរាប់ទៀតថា ចាប់តាំងពីឆ្នាំ២០២០មក មានមនុស្ស ២៨១នាក់ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ហើយ ពិរុទ្ធជនទាំងនោះ មានទាំង ពលរដ្ឋសាមញ្ញ, សកម្មជន, បញ្ញវន្តអាមេរិក និង កុមារ បើផ្អែកតាមក្រុមមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស ហៅកាត់ TLHR។ អ្នកទាំងនោះ មានការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ចន្លោះ ពី ៣ ដល់ ១៥ឆ្នាំ។
ទីភ្នាក់ងារព័ត៌មាន CNN ក៏បានរំលេច អំពីមហាសេដ្ឋី រូបនេះ អាចចៀសផុត ពីការផ្តន្ទាទោស ស្របពេលដែល លោកនៅតែជាឥស្សរជននយោបាយ ដ៏មានឥទ្ធិពល ក្នុងប្រទេស ហើយ បើកាត់ទោសលោកឲ្យជាប់ពន្ធនាគារ អាចនឹងងាយឲ្យមានការបាក់បែកជាតិ ធ្ងន់ធ្ងរ។
បើតាម CNN ដដែល លោក ថាក់ស៊ីន បានពាក់ក្រវាត់ ក ពណ៌លឿង ដែលជាពណ៌ តំណាងឲ្យ របបរាជានិយម ទៀតផង ហើយ លោកបានដើរចេញ ពីក្នុងតុលាការ ទាំងមុខញញឹម ហើយនិយាយខ្លីៗ ច្រើនដឹងថា «រឿងក្តីនេះ គេច្រានចោលហើយ» ។
គួររម្លឹកថា សំណុំរឿងប្រមាថស្តេចថៃ របស់លោក ថាក់ស៊ីន គឺបានកើតចេញពីការនិយាយរបស់លោក ក្នុងបទសម្ភាសន៍មួយ កាលពីឆ្នាំ២០១៥ ទាក់ទងនឹងរដ្ឋប្រហារយោធា ឆ្នាំ២០១៤ ដែលបានផ្តួលរំលំមុខតំណែង នាយករដ្ឋមន្ត្រី របស់ ប្អូនស្រី គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់៕
ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត
