ចិន ប្រកាសប្រឆាំង ចំពោះការបង្កើនពន្ធអាមេរិក លើទំនិញឥណ្ឌា

ញូវ ដែលី ៖ លោក ហ្ស៊ូ ហ្វេហុង (Xu Feihong) ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងញូវ ដែលី កាលពីថ្ងៃទី២១ ខែសីហា បានប្រកាសប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការតំឡើងពន្ធ របស់អាមេរិក លើទំនិញឥណ្ឌា ហើយអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុង ញូវ ដែលី កាន់តែខ្លាំងឡើង ក្នុងកាលៈទេសៈ បែបនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការលើកឡើង ពីភាគីចិន បែបនេះ បានធ្វើឡើង ក្រោយពេលដែល លោក Trump បានបង្កើនពន្ធគយ ២៥% បន្ថែមទៀត លើឥណ្ឌា នាំឲ្យតម្លៃពន្ធសរុប កើនដល់ ៥០ភាគរយ ដោយសារតែ ឥណ្ឌាទិញប្រេង និងអាវុធ ពីរុស្ស៊ី ហើយអត្រាពន្ធថ្មីនេះ នឹងចូលជាធរមាន នៅថ្ងៃទី ២៧ ខែសីហា ខាងមុខនេះ។

លោក Xu Feihong ចាត់ទុកថា នេះគឺជាការយកពន្ធ ដ៏ច្រើនសន្ធឹកសន្ធាប់ មកលើឥណ្ឌា ហើយជឿជាក់ថា អាមេរិក អាចគំរាមកំហែង បង្កើនការដាក់សំពាធ បន្ថែមទៀត។ លោក Xu បានប្រដូច ទង្វើរបស់អាមេរិក គឺជា «ការសម្លុត» ដោយអះអាងថា បើទោះបីជា ក្រុងវ៉ាស៊ីងតោន ទទួលផលប្រយោជន៍ ពីពាណិជ្ជកម្មសេរី ជាយូរមកហើយ ប៉ុន្តែ ប្រទេសនេះនៅតែចង់ប្រើបញ្ហាពន្ធគយ មកគំរាម យកផលចំណេញហួសហេតុ ពីប្រទេស ដទៃទៀត។

លោកបានបន្ថែមថា ចិននឹងឈរយ៉ាងរឹងមាំ ជាមួយឥណ្ឌា ដើម្បីរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ លោក Xu បានថ្លែងចាត់ទុក ចិននិងឥណ្ឌា គឺជា ក្បាលម៉ាស៊ីនទាំងពីរ នៃ កំណើនសេដ្ឋកិច្ចនៅអាស៊ី ហើយបានបន្ថែមថា ការរួបរួមរវាងឥណ្ឌា និងចិន ផ្តល់ផលប្រយោជន៍ ដល់ពិភពលោកទាំងមូល។

លោកក៏បានអញ្ជើញសហគ្រាសឥណ្ឌា បន្ថែមទៀត ឱ្យមកបណ្តាក់ទុន នៅក្នុងប្រទេសចិន ហើយ ទីក្រុងប៉េកាំងសង្ឃឹមថា ឥណ្ឌានឹងផ្តល់នូវ “បរិយាកាសធុរកិច្ច ដោយយុត្តិធម៌ និងមិនរើសអើង” សម្រាប់សហគ្រាសចិន នៅឥណ្ឌា ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកក៏បាននិយាយផងដែរថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសចិន នាពេលខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ នឹងផ្តល់ «កម្លាំងជំរុញថ្មី ដល់ទំនាក់ទំនងចិន-ឥណ្ឌា»៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner