លោក គីម ជុងអ៊ុន បង្ហាញការឈឺចាប់នៅមុខកងទ័ពកូរ៉េខាងជើងដែលពលីក្នុងសង្គ្រាមនៅអ៊ុយក្រែន
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបង្ហាញការឈឺចាប់ និងគោរពវិញ្ញាណក្ខន្ធចំពោះកងទ័ពដែលបានស្លាប់អំឡុងការប្រយុទ្ធគ្នាដើម្បីរុស្ស៊ី ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន ដោយលោកនិយាយថា បេះដូងរបស់លោកឈឺណាស់ នៅក្នុងការថ្លែងពីការបាត់បង់យោធាដ៏កម្រ នេះបើតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃសុក្រនេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍ថា លោក Kim បានធ្វើអត្ថាធិប្បាយបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ នៅឯពិធីមួយក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលលោកបានជួបក្រុមមេបញ្ជាការរបស់អង្គភាពមួយដែលបានប្រយុទ្ធដើម្បីរុស្ស៊ី ក្នុងតំបន់ Kursk ភាគខាងលិច។

មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានកោតសរសើរពលទាហានពលីរបស់ខ្លួនថា ជាកងទ័ពវីរបុរស ជាមួយនឹងការបង្ហាញរូបថតលោក Kim គោរពវិញ្ញាណក្ខន្ធកងទ័ព។
លោក Kim មានវ័យ៤១ឆ្នាំរូបនេះបាននិយាយក្នុងសុន្ទរកថាមួយថា បេះដូងរបស់ខ្ញុំឈឺចាប់ណាស់ និងជូរចត់ នៅពេលដែលខ្ញុំប្រឈមនឹងការពិត ដែលខ្ញុំទើបតែបានជួបជាមួយឥស្សរជនដ៏អង់អាច ដែលបានលះបង់ជីវិតដ៏មានតម្លៃរបស់ពួកគេសម្រាប់ជ័យជម្នះ និងភាពរុងរឿងដ៏អស្ចារ្យ តាមរយៈរូបថតនៅលើជញ្ជាំងអនុស្សាវរីយ៍។
គួរកត់សម្គាល់ កូរ៉េខាងជើងបានចាប់ផ្តើមបញ្ជូនកងទ័ព និងឧបករណ៍យោធាជាច្រើន ទៅជួយគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនកាលពីឆ្នាំមុន បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់រវាងលោក Kim និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។
យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន និងអាមេរិក បានឱ្យដឹងថា ទាហានកូរ៉េខាងជើងប្រហែល ១២.០០០នាក់ត្រូវបានបញ្ជូនលើកដំបូងទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០២៤។ ក្នុងនោះមានទាហានកូរ៉េខាងជើងប្រហែល ៤.០០០នាក់ត្រូវបានសម្លាប់ ឬរងរបួស នេះបើយោងតាមប្រភពពីមន្ត្រីលោកខាងលិច។ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា គឺជាប្រទេសមានយោធាបំផុតមួយលើពិភពលោក ដែលមានបុគ្គលិកយោធាប្រមាណ ១.២លាននាក់ ហើយប្រជាជននឹងចូលបំពេញកាតព្វកិច្ចយោធាចាប់ពីអាយុ ១៧ឆ្នាំ៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
