អ្នកនាំពាក្យក្រសួងការបរទេស៖កម្ពុជា នឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធីនិងបន្តជំរុញយន្តការពហុភាគី
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖កម្ពុជានឹងបន្តធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន ,ធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសបន្តអនុវត្តទំនាក់ទំនងតាមយន្តការដែលមានជាមួយភាគីថៃក្នុងនេះដូចជា RBC, GBC JBC និងបន្តជំរុញយន្តការពហុភាគី។នេះជាការបញ្ជាក់របស់ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងក្នុង សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ”នាព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២៥នេះឯកឧត្តម នង សាកលបានអធិប្បាយថាតាមរយៈការអនុវត្តវិធានការតាមយន្តការដែលបានព្រមព្រៀមគ្នា កម្ពុជា នឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធី។កម្ពុជាបានចាត់វិធានការ តាមផ្លូវការទូត និងស្របតាមវិធានការអន្តរជាតិ ជាច្រើនដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងនេះយើងបានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងព្រមទាំងបណ្តាប្រទេសជាមិត្តជាច្រើនទៀត។
ឯកឧត្តមបន្តថា តាមរយៈការដោះស្រាយជម្លោះនេះដែរកម្ពុជាជូនដំណឹងក្នុងនេះមានដូចជាទី១ បញ្ជាក់ពីជំហរ កម្ពុជាគោរពបទឈប់បាញ់ និងចង់បានសន្តិភាពទី២កម្ពុជាគោរពច្បាប់អន្តរជាតិ និងទី៣គោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិទី៤ស្នើឱ្យថៃគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះស្មារតីកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលភាគីទាំងពីរបានឯកភាព ទី៥បានជំរុញឱ្យត្រួតពិនិត្យបទឈប់បាញ់ដោយប្រធានអាស៊ាន ទី៦ជូនដំណឹងគណៈកម្មាធិកាកាកបាទក្រហមអន្តរជាតិ(ICRC)អំពីកងទ័ពថៃចាប់ទាហានកម្ពុជាដោយខុសច្បាប់ ទី៧.ជូនដំណឹងដល់ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកសិទ្ធមនុស្សដើម្បីឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជាទាំង ១៨នាក់ ,ទី៨បានធ្វើការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលបានជួយជំរុញយ៉ាងសកម្មឱ្យមានបទឈប់បាញ់,ទី៩បានធ្វើការជំទាស់ប្រឆាំងជាផ្លូវការចំពោះភាគីម្ខាងទៀត(ថៃ)ចំពោះការរំលោភ កសាងបន្លាលួស សំណាញ់ កង់ឡាន ដោយហ៊ុមព័ទ្ធយកដីភូមិ ផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម នង សាកល បានបន្ថែមថាទាំងអស់នេះគឺជាការអនុវត្តតាមផ្លូវការទូតដែលកម្ពុជាបានអនុវត្តកន្លងមក។កម្ពុជានឹងបន្តការអនុវត្ត និងការយកចិត្តទុកដាក់បន្ថែមទៀតរហូតទាល់តែបញ្ហាទាំងអស់ត្រូវបានដោះស្រាយជាស្ថាពរ និងសមស្រប៕
ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក វ៉េង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។