រុស្ស៊ីថា ជំនួបទល់មុខគ្នាលើកដំបូងរវាង Putin-Zelensky មិនទាន់ត្រៀមរួចរាល់
មូស្គូ ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានច្រានចោលជំនួបទល់មុខគ្នាលើកដំបូងរវាងលោកប្រធានាធិបតី Putin និងលោក Zelensky ដែលអាចកើតឡើងក្នុងពេលឆាប់ៗនេះ ចំពេលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលផ្នែកការទូតរបស់លោក Trump ហាក់ដួលរលំ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ថា គ្មានជំនួបរវាងលោក Putin និង លោក Zelensky ត្រូវបានគ្រោងទុកឡើយ។
ប្រមុខការទូតជើងចាស់រុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា លោក Putin បានត្រៀម ខ្លួនជាស្រេច ដើម្បីជួបលោក Zelensky នៅពេលដែលរបៀបវារៈមួយត្រូវបានរៀបចំ ប៉ុន្តែរបៀបវារៈនោះ នៅពុំទាន់រៀបចំរួចរាល់ទេ។
លោក Lavrov បានសង្កត់ធ្ងន់ថា មានគោលការណ៍មួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនជឿថា អ៊ុយក្រែនត្រូវតែទទួលយក ក្នុងនោះរួមមានការមិនចូលជាសមាជិកអង្គការណាតូ រួមទាំងការពិភាក្សាអំពីបញ្ហាទឹកដី ប៉ុន្តែលោក Zelensky បានច្រានចោលរបៀបវារៈនេះទាំងអស់។
លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកនឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយក្នុងរយៈពេលពីរសប្តាហ៍ទៀត ទាក់ទិននឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន។
ទន្ទឹមគ្នា មេដឹកនាំអាមេរិករូបនេះ ក៏បានព្រមានដែរថា រុស្ស៊ីអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏ធំមិនធ្លាប់មាន នោះគឺជាទណ្ឌកម្មដ៏ធំ ឬពន្ធដ៏ធំ ឬអាចទាំងពីរតែម្តង ឬក៏យើងមិនចាំបាច់ធ្វើរឿងអ្វីសោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
