គ្រោះថ្នាក់ក្រឡាប់ឡានក្រុងនៅរដ្ឋញូវយ៉ក ផ្តាច់ជីវិតអ្នកទេសចរចំនួន ៥នាក់
ញូវយ៉ក ៖ មន្រ្តីប៉ូលិសរដ្ឋញូវយ៉កបានរាយការណ៍ថា មនុស្សចំនួន ៥នាក់បានស្លាប់ ក្នុងនោះមានកុមារម្នាក់ និងជាច្រើនផ្សេងទៀតបានរងរបួស ហើយជនរងគ្រោះភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ចិន និងហ្វីលីពីន បន្ទាប់ពីឡានក្រុងដឹកអ្នកទេសចរមួយគ្រឿងបានជួបឧបទ្ទវហេតុក្រឡាប់នៅក្នុងរដ្ឋ New York របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យប៉ូលិសរដ្ឋញូវយ៉ក លោក James O’Callaghan បានប្រាប់អ្នកយកព័ត៌មានថា មុនពេលជួបគ្រោះថ្នាក់កាលពីថ្ងៃទី២២ ខែសីហា ឡានក្រុងដឹកអ្នកទេសចរប្រហែល ៥០នាក់មួយគ្រឿងនេះ បានធ្វើដំណើរត្រឡប់មកពីតំបន់ទេសចរណ៍ទឹកធ្លាក់ Niagara នៅព្រំដែនសហរដ្ឋអាមេរិក និងកាណាដា ឆ្ពោះទៅកាន់ទីក្រុងញូវយ៉កវិញ។
លោក O’Callaghan បន្ថែមថា ដោយមិនដឹងមូលហេតុ ឡានក្រុងទេសចរណ៍មួយគ្រឿងនោះ ស្រាប់តែបាត់បង់ការគ្រប់គ្រង និងបានក្រឡាប់តែម្តង។ យ៉ាងណាមិញ ឧប្បទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈដែលអ្នកបើកឡានបានរួចជីវិតពីសេចក្តីស្លាប់ និងកំពុងត្រូវបានសួរចម្លើយ។
ស្របពេលជាមួយគ្នានេះដែរ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul និយាយថា មន្ត្រីក្នុងតំបន់បានដុតដៃដុតជើងជួយសង្គ្រោះ និងផ្តល់ជំនួយដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ដ៏អាក្រក់នេះ។ ទន្ទឹមគ្នា រថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រពេទ្យ ក៏ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
