អ្នកនាំពាក្យក្រសួងការពារជាតិ ៖ នៅថ្ងៃទី២៤ខែសីហា ស្អែកនេះកម្ពុជា-ថៃ នឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅខេត្តប៉ៃលិន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ថ្ងៃស្អែកនេះនឹងមាន កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ច័ន្ទបុរី ខេត្តត្រាត របស់ថៃ។សម្រាប់កិច្ចប្រជុំលើកនេះផងដែរកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តិទៅនៅ ខេត្ត ប៉ៃលិន ប្រទេសម្ពុជា។

ថ្លែងនៅរសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានថ្មីបន្ថែមទៀតដែលអនុញ្ញាត្តឱ្យភាគីទាំងពីរអាចជំរុញបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញសំដៅនាំមកសន្តិភាព ស្ថេរភាព និងការវិលត្រឡប់មកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងឱ្យបានឆាប់រហ័ស។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅតែបន្តអំពាវនាវឱ្យភាគី ថៃអនុវត្តតាមកិច្ចព្រមព្រៀងកន្លងមក ដោយប្រគល់មកឱ្យកម្ពុជា វិញនូវកងកម្លាំងកម្ពុជារបស់យើងទាំង១៨នាក់ ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសាររបស់គាត់វិញដែលទន្ទឹងរង់ចាំទាំងថ្ងៃទាំងយប់។

គួរបញ្ជាក់ផងដែរថា ទាហានថៃបានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជាទាំងខុសច្បាប់ ក្រោយពេលឈប់បាញ់ ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៥។គិតមកដល់ពេលនេះមានរយៈពេល ២៥ថ្ងៃ ៨ម៉ោងនិង១០នាទីគិតត្រឹមវេលាម៉ោង៤,០០រសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner