ករណីឆបោកតាមបច្ចេកវិទ្យា៖កម្ពុជាកំពុងបន្តស្រាវជ្រាវ និងស៊ើបអង្កេតលើភស្តុតាងដែលរឹបអូសបាន ដើម្បីកំណត់មុខសញ្ញាមេខ្លោង និងវែកមុខអង្គការចាត់តាំងពាក់ព័ន្ធ
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាគ.ប.ឆ.ប.នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះបានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ។សកម្មភាពនេះបានបង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវស៊ើបអង្កេតលើភស្តុតាងទាំងអស់ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើសក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។

សម្ភារៈដែលរឹបអូសទាំងអស់រួមមាន ទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជាភស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ទាំងនេះជាវិធានការជាបន្តបន្ទាប់ ធ្វើឡើង ក្នុងក្របខ័ណ្ឌនៃការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា។

លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការ និងអនុវត្តតាមច្បាប់ ជាធរមាន។
គប្បីជម្រាបជូនថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣.១៧០នាក់ មាន១៩សញ្ជាតិ។សមត្ថកិច្ចបានចាត់វិធានការ បញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញសរុបជាង ២.៤៥០នាក់ ត្រូវបាននិរទេសចេញពីកម្ពុជា។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជានៅពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ដោយ៖ង៉ាន ទិត្យ
