មន្ត្រីទទួលបន្ទុកសាធារណមតិនៃមន្ទីរព័ត៌មានចំនួនបួនខេត្តជួបជុំគ្នានៅខេត្តសៀមរាប
សៀមរាប៖មន្រ្តីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានមកជួបជុំគ្នាកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាបដើម្បីចូលរួមក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិរយៈពេលពីរថ្ងៃដែលរៀប
ចំដោយក្រសួងព័ត៌មាន។

ថ្លែងក្នុងពិធីបើកវគ្គឯកឧត្តមឆាយ សុផល រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការងារព័ត៌មាននិងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាពនិងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។

ឯកឧត្តម ឆាយ សុផល បានពន្យល់លើពាក្យថាបុរេសកម្មក្នុងការងារព័ត៌មាន និងសាធារណមតិ? ។បុរេសកម្មគឺការធ្វើទុកមុន ។ សកម្មគឺធ្វើដោយយកចិត្តទុកដាក់ខ្ពស់ ។អន្តរសកម្មគឺការធ្វើការសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធព្រោះថា ការងារសាធារណមតិនេះ មិនមែនតែមន្ទីរព័ត៌មានធ្វើតែឯងទេ គឺត្រូវមានការចូលរួមពីមន្ទីរជំនាញក្នុងខេត្ត។ ចំណែកឯប្រសិទ្ធភាព គឺអ្វីដែលយើងអាចសម្រេចបានតាមផែនការដែលបានដាក់ចេញ និងប្រសិទ្ធផល គឺផលសម្រេចបានមានលក្ខណៈយូរអង្វែង។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត ។គឺជាអ្នកពាំនាំព័ត៌មាន ,សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។

លោក យឿង ចាន់ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា សម្រាប់ការងារព័ត៌មាន និងសាធារណមតិ មន្ទីរព័ត៌មានខេត្តសៀមរាបមានមន្ត្រីចំនួន៥រូបត្រូវបានក្រសួងព័ត៌មានចេញសេចក្តីសម្រេចទទួលស្គាល់ដោយអនុវត្តការងារ៧ថ្ងៃក្នុងមួយសប្តាហ៍ និងរាយការណ៍ជូនរដ្ឋបាលខេត្តជារៀងរាល់ថ្ងៃ។ ជាក់ស្តែងក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ក្រុមការងារបានប្រមូលព័ត៌មានបែបវិជ្ជមានចំនួន២.៥៥៨អត្ថបទ និងដំណឹងក្តៅរសើបចំនួន៥០៤អត្ថបទព ហើយបានឆ្លើយតបតាមរយៈការបំភ្លឺពីមន្ត្រីជំនាញក្នុងខេត្តវិញ។
លោកក៏បានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនផងដែរដូចជា មន្ទីរជំនាញមួយចំនួន មិនសូវសហការផ្តល់ព័ត៌មាន ហើយមន្ទីរក៏មានការលំបាកក្នុងការគ្រប់គ្រងអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាដោយពួកគាត់ខ្វះ ខ្វះចំណេះដឹងក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក សុខ ថុល អភិបាលរងទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ និងជាអ្នកនាំពាក្យខេត្តសៀមរាបទទួលស្គាល់ថា មន្ត្រីជំនាញក្នុងខេត្តខ្លះមិនទាន់បានសហការបានល្អនៅឡើយទេពេលក្រុមការងារទទួលបន្ទុកការងារសាធារណមតិសុំការបញ្ជាក់សុំការបំភ្លឺរឿងអ្វីមួយ។ លោកបានលើកបញ្ហានេះ ជូនទៅក្រុមប្រឹក្សា និងគណៈអភិបាលខេត្តរួចហើយ ដើម្បីជួយសម្របសម្រួលដល់មន្ទីរជំនាញនានាក្នុងខេត្ត ក្នុងការផ្តល់ព័ត៌មានឬបំភ្លឺទាន់ពេលវេលា។ ហើយជុំវិញការងារព័ត៌មាន និងសាធារណមតិនេះដែរ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារបណ្តាញសង្គមនៅរដ្ឋបាលខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងមន្ទីរជំនាញជុំវិញខេត្ត ជាពិសេសក្រុមសារធារណមតិរបស់ខេត្ត និងមន្ទីរព័ត៌មានខេត្តដើម្បីដោះស្រាយរាល់សំណួរ -សំណូមពររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។
សូមជម្រាបថា វគ្គបំពាក់បំប៉ននៅខេត្តសៀមរាបនេះ មានការចូលរួមពីមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពីខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រៀបចំឡើងដោយក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការគ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកាសម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយជាដើម។វគ្គបំពាក់បំប៉ននេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម ៖ ១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន,២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ដែលបង្ហាញដោយឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ,៣- ជំនាញការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន , ៤- ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ,៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោកខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផា អនុប្រធាននាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍៕
ដោយ៖ប៊ុន រដ្ឋា
