អភិបាលខេត្តស្វាយរៀងទទួលអំណោយជាសម្លៀកបំពាក់ចំនួនជាង៧ ម៉ឺន ពីសប្បុរសជន
ស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះបានទទួល អំណោយសម្លៀកបំពាក់ចំនួន ៧៤.០០២ សម្រាប់ពីក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក (Wan Jia Hao Kniting Co.,Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។អំណោយនេះ ប្រគល់ជូនរដ្ឋបាលខេត្តចាត់ចែងប្រើប្រាស់តាមការចាំបាច់។

ពិធីទទួលអំណោយនេះបានប្រព្រឹត្តទៅនៅសាលាខេត្តស្វាយរៀង ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះពីក្រុមហ៊ុន វ៉ានជៀហាវ នីតធីង ឯ.ក ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តនូវសម្លៀកបំពាក់យ៉ាងច្រើន ទុកសម្រាប់ចែកជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកប្រជាពលរដ្ឋដែលមានការខ្វះខាតផងដែរ។

ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តក៏បានអរគុណសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់រដ្ឋបាលខេត្តកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួសសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕
ដោយ៖នុត នាង

