ឯកឧត្តម គួច ចំរើន ៖ ក្រុមការងារបច្ចេកទេសត្រូវពន្លឿនការសាងសង់លូរំដោះទឹកភ្លៀងមិនឱ្យលិចនៅមណ្ឌលប្រឡងបាក់ឌុប
(ខេត្តកណ្តាល)៖ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដាក់លូ រំដោះទឹកភ្លៀង នៅតាមបណ្តោយផ្លូវលេខ ១០៨ និងផ្លូវជាតិលេខ ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍ របស់សិស្សានុសិស្សដែលត្រូវមកប្រលង។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ៖ ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ ដែលតែងតែរងការជនលិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡង ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នេះផងដែរ ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិត បង្ករការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។
តាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង ៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ ៦០០០ម៉ែត្រគូប ក្នុង ១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ ៕
ដោយ ៖ ង៉ាន់ ទិត្យ



























