ម៉ាឡេស៊ីប្រកាសបរិច្ចាគលុយជាង ២៣ លានដុល្លារជួយដល់តំបន់ហ្កាហ្សា

គូឡាឡាំពួរ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃទី២៤ ខែសីហាថា ប្រទេសម៉ាឡេស៊ីនឹងបរិច្ចាគប្រាក់ចំនួន ១០០ លានរីងហ្គីត ឬជាង ២៣.៦ លានដុល្លារ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។

នៅក្នុងសុន្ទរកថាពិសេសមួយនៅឯទីលានឯករាជ្យនៃទីក្រុងគូឡាឡាំពួ លោកនាយករដ្ឋមន្រ្តី Anwar បានលើកឡើងថា យប់នេះ ខ្ញុំសូមប្រកាសនៅទីនេះថា ប្រទេសម៉ាឡេស៊ីនឹងបរិច្ចាគប្រាក់ជាង ២៣.៦ លានដុល្លារបន្ថែមទៀតជួយដល់ប្រជាជនហ្កាហ្សា។

ជាមួយគ្នានេះ លោក Anwar អំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់ចងចាំថា ទោះម៉ាឡេស៊ីមានសុខសន្តិភាព និងឯករាជ្យពេញលេញក៏ដោយ តែគួរសិក្សារៀនសូត្រអំពីរឿងនេះ ហើយព្យាយាមរក្សាសន្តិភាព និងសេរីភាពសម្រាប់យើងទាំងអស់គ្នា។

មេដឹកនាំម៉ាឡេស៊ីវ័យ៧៨ឆ្នាំរូបនេះ ក៏បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលផងដែរ ជុំវិញគ្រោះទុរ្ភិក្សដែលបង្កើតឡើងដោយមនុស្សនៅតំបន់ហ្កាហ្សា ជាទីដែលមនុស្សរាប់ពាន់នាក់បានស្លាប់ដោយសារការស្រែកឃ្លានរហូតដល់ដាច់ពោះស្លាប់ ហើយអ្នកស្វែងរកជំនួយចិញ្ចឹមក្រពះក៏ត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី Anwar បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ខ្ញុំមានអាយុ ៧៨ឆ្នាំហើយ ខ្ញុំមិនដែលឃើញអំពើឃោរឃៅបែបនេះទេ។ លោក Netanyahu និងក្រុមមនុស្សឆ្កួតរបស់គាត់ គឺប្រៀបដូចជាបិសាច។ លោកថា ប្រជាជនម៉ាឡេស៊ីនឹងមិនបោះបង់ចោលប្រជាជនប៉ាឡេស្ទីន ដែលកំពុងតស៊ូប្រឆាំងនឹងរបបជ្រុលនិយមអ៊ីស្រាអែលឱ្យនៅឯកោឡើយ។ ជនជាតិម៉ាឡេស៊ី និងមិត្តភ័ក្តិជាច្រើនទៀតនឹងប្រកៀកស្មារតីគ្នាជាមួយពួកគេ៕

ប្រភព ៖ The straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner