ក្រសួងការពារជាតិចេញសេចក្តីប្រកាសពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់សេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដែលដឹកនាំកិច្ចប្រជុំនេះដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រៈសើត មេបញ្ជាការ ការពារព្រំដែន ច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។

យោងតាមលទ្ធផលនៃកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផល នៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រី ស្តីទីនៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំង មានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីអំពីការ ប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តា យោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជា វិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹង គោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នា បញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែល បានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner